នៅថ្ងៃទី០២ ខែមិថុនានេះ កម្ពុជាបានផ្ញើលិខិតជូនដំណឹងផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បី «ចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ ជុំវិញនឹងករណីនេះ អ្នកជំនាញភូមិសាស្ដ្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានបង្ហាញការគាំទ្រជម្រើសរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) និងបានបញ្ជាក់នូវទស្សនៈមួយចំនួន។
លោកបណ្ឌិត បានបញ្ជាក់លើទំព័រហ្វេសប៊ុកនារសៀលថ្ងៃទី០២មិថុនានេះថា ជម្រើសរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បី «ចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ»នាថ្ងៃនេះ នឹងបញ្ជាក់ពីភាពប្រាកដនិយមរបស់កម្ពុជាលើការទទួលខុសត្រូវផ្នែកច្បាប់អន្តរជាតិក្នុងនាមរដ្ឋសមាជិក UNCLOS ដែលមិនទោរទន់តាមឥរិយាបថក្រឡិចក្រឡុចរបស់ថៃ ហើយសហគមន៍អន្តរជាតិនឹងបានមើលឃើញកាន់តែច្បាស់ចំពោះឥរិយាបថកម្ពុជាចំពោះច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះកម្ពុជាស្ដីពីសន្តិភាព។ មិនតែប៉ុណ្ណោះ វានឹងបានបញ្ជាក់ពីការត្រៀមទទួលយកខ្សែបន្ទាត់ព្រំដែនសមុទ្រអន្តរជាតិ ដែលនឹងសម្រេចដោយយន្តការសម្របសម្រួលដោយបង្ខំនេះដែលជាខ្សែព្រំដែនសមុទ្រអន្តរជាតិ កម្ពុជា-ថៃ ខណៈពីមុនៗជាន់ត្រួតគ្នា។
ទាក់ទិននឹងការបញ្ជាក់ខាងលើ លោកបណ្ឌិត យង់ ពៅ បានពន្យល់ថា ពលរដ្ឋកម្ពុជាក៏ទទួលបានភាពកក់ក្ដៅក្នុងចិត្តលើករណីសមុទ្រ ហើយក៏បង្កើនទំនុកចិត្តលើរាជរដ្ឋាភិបាល និង អង្គការសហប្រជាជាតិ (UN) ផងដែរ។ តែយ៉ាងណា លោកបានក្រើនរំលឹកឱ្យកម្ពុជាត្រូវតែប្រុងប្រយ័ត្ន ព្រោះថៃនៅបន្តបត់បែនក្រឡិចក្រឡុច ហើយថៃអាចនឹងប្រើកម្លាំងយោធាបង្ខំកាន់កាប់ដែនទឹក និងបង្កបញ្ហាបន្ថែមទៀតនៅព្រំដែនគោក ថែមទាំងបន្តផ្លោងសង្គ្រាមចិត្ដសាស្ត្រ។ លើសពីនេះ អ្នកជំនាញភូមិសាស្ដ្រនយោបាយរូបនេះ បានសំណូមពរឱ្យរក្សាឯកភាពជាតិ សាមគ្គីជាតិ និងធានាយុត្តិធម៌សង្គម ហើយត្រូវតែអភិវឌ្ឍវិស័យយោធាជាចាំបាច់ និងជាបន្ទាន់។
សូមជម្រាបថា ក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃអង្គារ៍ ទី០២ ខែមិថុនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា ការដកខ្លួនចេញរបស់ថៃពី MOU ឆ្នាំ២០០១ គ្មានជម្រើសអ្វីក្រៅពីការអនុវត្តន៍អនុសញ្ញាអន្តរជាតិស្ដីពីនីតិសមុទ្រដែលកម្ពុជា និងថៃជារដ្ឋភាគីនោះទេ។ សម្ដេចបញ្ជាក់ថា ការអនុវត្តយន្តការផ្សះផ្សាដោយបង្ខំ នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរបង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយដែលសុទ្ធតែជាអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ។
សម្ដេចសង្ឃឹមថាដំណើរការនេះនឹងបង្ហាញនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្ដិវិធី ខណៈអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្រកម្ពុជាត្រូវតែគោរពជាដាច់ខាត។ ការប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំមិនមែនជាការបង្កើនភាពតានតឹងនោះទេ តែជាការខិតខំដោះស្រាយជម្លោះតាមការចរចារបស់ប្រទេសទាំងពីរក្រោមការសម្របសម្រួលពីអ្នកជំនាញអង្គការសហប្រជាជាតិ។
មិនតែប៉ុណ្ណោះ សម្ដេច បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនដែលរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ ហើយក៏មិនឱ្យប្រទេសណាមកបំពានអធិបតេយ្យភាពរបស់កម្ពុជាដែរ ដោយប្រើប្រាស់យន្តការច្បាប់ ការរួមគ្នាដោះស្រាយដោយសន្តិវិធី។
ជាការកត់សម្គាល់៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ ប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់គ្នាលើតំបន់សមុទ្រត្រួតស៊ីគ្នា ឆ្នាំ២០០១ ជាឯកតោភាគី ជាមួយកម្ពុជា ដោយប្រើលេសថា គ្មានវឌ្ឍនភាព។ ពាក់ព័ន្ធនឹងបញ្ហានេះ កម្ពុជាក៏បានប្រកាសជំហរថានឹងប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្នុងច្បាប់សមុទ្រអន្តរជាតិផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត


