Skip to main content
Preah Sihanouk Provincial Television
Log in

ពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តស្វាយរៀង ២រូប និងអភិបាលក្រុងបាវិតថ្មី១រូប

KPS99TVHistorical original · translation unavailable

ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក កង វណ្ណារ៉ូ និងលោក លឹម សៀងហេង ជាអភិបាលរងខេត្តស្វាយរៀង ព្រមទាំងលោក ម៉ែន ចាន់រ៉ា ជាអភិបាលក្រុងបាវិត នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦  ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វារៀងបានលើកឡើងថា រដ្ឋបាលខេត្ត សម្រេចបានសមិទ្ធផលជាច្រើនលើវិស័យអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងការផ្តល់សេវាសាធារណៈ ដោយមានការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ។
ឯកឧត្តម ក៏បានបញ្ជាក់ថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការបង្ក្រាបគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណដល់លោក រស់ ផារិទ្ធ និងលោក សុខ រស់ ដែលត្រូវបានផ្ទេរភារកិច្ចពីតំណែងអភិបាលរងខេត្ត ដោយកន្លងមកបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកន្លងមក។
នាឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងខេត្តស្វាយរៀង។
ទន្ទឹមនឹងនេះ ឯកឧត្តម បានណែនាំដល់អភិបាលរងខេត្តស្វាយរៀងទាំងពីររូប និងអភិបាលក្រុងបាវិតដែលទទួលមុខតំណែងថ្មី ឱ្យបន្តប្រើប្រាស់ចំណេះដឹង សមត្ថភាព និងបទពិសោធន៍ការងារ ដើម្បីរួមចំណែកដឹកនាំ អភិវឌ្ឍ និងបម្រើប្រជាពលរដ្ឋ ឱ្យខេត្តស្វាយរៀង និងក្រុងបាវិត កាន់តែមានការរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា តាមអនុក្រឹត្យលេខ ៤៦១ អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានសម្រេចតែងតាំងលោក កង វណ្ណារ៉ូ និងលោក លឹម សៀងហេង ជាអភិបាលរងខេត្តស្វាយរៀង។ ដោយឡែក តាមអនុក្រឹត្យលេខ ៤៧៨ អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ែន ចាន់រ៉ា ត្រូវបានតែងតាំងជាអភិបាលក្រុងបាវិតថ្មី៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…