ខេត្តព្រះសីហនុ៖ នារដូវវស្សានេះ សម្រស់ធម្មជាតិនៅកោះរ៉ុងកាន់តែមានភាពទាក់ទាញ ដោយក្រៅពីឆ្នេរសមុទ្រខ្សាច់សក្បុស និងទឹកសមុទ្រពណ៌ខៀវស្រងាត់ ធនធានបាតសមុទ្រ តំបនព្រៃភ្នំ និងតំបន់ព្រៃកោងកាង កោះដ៏ល្បីមួយនេះក៍នៅមានតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតជាច្រើនទៀត ក្នុងនោះមាន ទឹកធ្លាក់ព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ទឹកធ្លាក់ធម្មជាតិនេះ មិនត្រឹមតែជាទីកន្លែងកម្សាន្តដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពទឹកសាបដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅលើកោះ និងត្រូវបានហ៊ុព័ទ្ធដោយទឹកសមុទ្រ។ ទឹកហូរត្រជាក់ថ្លា រួមជាមួយទេសភាពព្រៃភ្នំធម្មជាតិជុំវិញ បានបង្កើតបរិយាកាសស្រស់ស្រាយ និងមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ។
តំបន់ទឹកធ្លាក់ព្រែកស្វាយមានចម្ងាយប្រមាណជាង ៣គីឡូម៉ែត្រ ពីវត្តគិរីជលសា កោះរ៉ុង។ ប្រសិនបើមានការសិក្សា និងរៀបចំប្រព័ន្ធស្តុកទឹក ឬអាងរក្សាទឹកឱ្យបានត្រឹមត្រូវ នោះប្រភពទឹកសាបនេះអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគមន៍មូលដ្ឋាន ទាំងការផ្គត់ផ្គង់ទឹកប្រើប្រាស់ ការគាំទ្រវិស័យទេសចរណ៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ទឹកធ្លាក់ព្រែកស្វាយត្រូវបានចាត់ទុកថាជា «កំណប់ធម្មជាតិ» មួយដែលធម្មជាតិបានប្រទានដល់កោះរ៉ុង។ ការអភិរក្ស និងគ្រប់គ្រងធនធាននេះប្រកបដោយប្រសិទ្ធភាព នឹងជួយធានាឱ្យប្រភពទឹកសាបដ៏មានតម្លៃនេះបន្តផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ និងជំនាន់ក្រោយៗទៀត។
ជាមួយនឹងសក្ដានុពលធម្មជាតិដ៏សម្បូរបែប កោះរ៉ុងមិនត្រឹមតែជាគោលដៅទេសចរណ៍សមុទ្រដ៏ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានធនធានធម្មជាតិ ជាច្រើនទៀត ដែលអាចក្លាយជាកម្លាំងជំរុញដល់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងការអភិវឌ្ឍសហគមន៍មូលដ្ឋាននាពេលអនាគតផងដែរ៕ ដោយ៖ ប៉ៃ សុឃីម









