Skip to main content
Preah Sihanouk Provincial Television
Log in

ក្រោយមានមតិចម្រូងចម្រាសលើបណ្ដាញសង្គម Dr Tong សំណេះសំណាលជាមួយតំណាងក្រសួងសុខាភិបាល និង គណៈគ្រូពេទ្យកម្ពុជាដើម្បីទទួលការណែនាំបន្ថែម

KPS99TVHistorical original · translation unavailable

លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ហៅ Dr. Tong ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហោះលើបណ្ដាញសង្គមផ្តាល់ខ្លួនថា ខ្ញុំបាទពិតជាមានកិត្តិយស និងមានសេចក្តីរីករាយ ត្រេកអរដោយបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំតំណាងក្រសួងសុខាភិបាល និង ថ្នាក់ដឹកនាំគណៈគ្រូពេទ្យកម្ពុជា ដែលលោកគ្រូៗ សាស្រ្តាចារ្យទាំងអស់សុទ្ធតែជាសាស្រ្តាចារ្យដែលបានផ្តល់ការអប់រំ បង្ហាត់បង្រៀនច្រើនជំនាន់ថ្នាក់វេជ្ជបណ្ឌិតជាបន្តបន្ទាប់ រួមទាំងរូបខ្ញុំបាទផ្ទាល់ផងដែរ។
លោកបន្ថែមថា ការជួបសំណេះសំណាលនេះប្រៀបដូចជាការជជែកជាមួយក្រុមគ្រួសារវេជ្ជបណ្ឌិត ហើយដែលលោកគ្រូសាស្រ្តាចារ្យបានបង្ហាញអារម្មណ៍ ទឹកចិត្តសប្បាយរីករាយ និងមានមោទនភាពដែលឃើញ អ្នកបន្តជំនាន់ក្រោយៗ ស្រលាញ់ និងខិតខំចូលរួមលើកយកសកម្មភាពចែករំលែកចំណេះដឹងមកជូនដល់ប្រជាពលរដ្ឋ ដែលសកម្មភាពនេះគឺជាសកម្មភាពមួយដែលវេជ្ជបណ្ឌិតគួរតែខិតខំទាំងអស់គ្នា។ លើសពីនេះលោកគ្រូៗសាស្រ្តាចារ្យបានបង្ហាញពីការខិតខំប្រឹងប្រែង ទាំងសុខាភិបាល ទាំងគណៈវិជ្ជាជីវៈទាំងអស់លើកទឹកចិត្តឱ្យយើងខ្ញុំជាពេទ្យ ចូលរួមបន្ថែមទៀតក្នុងការចែករំលែកចំណេះដឹងសុខភាព ដោយប្រកាន់ខ្ជាប់ជាមួយក្រមសីលធម៍ សំដៅសុវត្ថិភាពប្រជាជន ដែលពិតជាសេចក្តីថ្លៃថ្នូរ និង ភាពកក់ក្តៅដែលខ្ញុំបាទ និងគ្រូពេទ្យយើងទទួលបានមកវិញ។
លោកបានបន្ថែមទៀតថា ខ្ញុំបាទផ្ទាល់ពិតជាមានអារម្មណ៍កក់ក្តៅនិងរំភើបដែលបានឃើញលោកគ្រូសាស្រ្តាចារ្យទាំងអស់យកចិត្តទុកដាក់លើវេជ្ជបណ្ឌិតគ្រប់រូប ហើយខិតខំធ្វើយ៉ាងណាអោយវិស័យសុខាភិបាលរបស់ខ្មែរយើងនេះកាន់តែមានភាពជឿនលឿន ត្រឹមត្រូវ តាមការវិវត្តន៍វិទ្យាសាស្ត្រ និងផ្តល់ជូននូវទំនុកចិត្តពេញលេញជូនដល់ប្រជាពលរដ្ឋកម្ពុជា៕ដោយ៖ ឡាយ កុល

Comments

Loading comments…