ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅតំបន់ចំនួន៤ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយរងការឈ្លានពានពីភាគីថៃ។ នេះបើតាមការឱ្យដឹងពីក្រសួងការពារជាតិ។
តំបន់ទាំង៤នោះរួមមាន៖ ទី១. ស្ពានស្ទឹងមេទឹក ដែលបានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងការពារជាតិ បានបញ្ជាក់ច្បាស់ថា ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។
ទី២. តំបន់ព្រំដែននៅច១ ដែលរងការឈ្លានពានក្នុងសង្គ្រាមរយៈពេល២១ថ្ងៃពីសំណាកយោធាថៃ និងពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។ ទី៣. តំបន់អូរភ្លុកដំរី ដែលជាទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងទី៤. តំបន់ច្រកជ័យជំនះ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
បើតាមក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងដាច់ខាត ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះទេ។ កម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ឱ្យបានម៉ឺងម៉ាត់ ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕
ដោយ៖ ង៉ែត ពិសាន្ត












