Skip to main content
Preah Sihanouk Provincial Television
Log in

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បូកសរុបការងារ និងជំរុញបន្តការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិកានៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅអនុវត្តបន្តរបស់ក្រុមការងារទី២ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺជាកិច្ចការអាទិភាពដែលត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមទាំងប្រតិបត្តិករអ៊ីនធឺណិត អគ្គិសនី និងរដ្ឋាករទឹក បន្តសហការយ៉ាងជិតស្និទ្ធក្នុងការស្រាវជ្រាវ និងបង្ក្រាបបទល្មើសទាំងនេះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងចំណោមក្រុង-ស្រុកទាំង៦ របស់ខេត្តព្រះសីហនុ មានមូលដ្ឋានមួយចំនួនមិនទាន់រកឃើញសកម្មភាពពាក់ព័ន្ធនឹងបទល្មើស Online Scam នោះទេ ខណៈអាជ្ញាធរក្រុងព្រះសីហនុ និងក្រុងកំពង់សោម កំពុងបន្តចុះស្រាវជ្រាវ និងបង្ក្រាបជាបន្តបន្ទាប់។ ឯកឧត្តមបានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាអន្តរជាតិដែលប៉ះពាល់ដល់កិត្តិយស និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដូច្នេះគ្រប់ភាគីត្រូវរួមគ្នាអនុវត្តបទបញ្ជាលេខ០៣ របស់រាជរដ្ឋាភិបាល ដើម្បីលុបបំបាត់បទល្មើសនេះឱ្យបានទាំងស្រុងពីកម្ពុជាក៍ដូចជាខេត្តព្រះសីហនុរបស់យើង។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យបន្តត្រួតពិនិត្យ និងវាយតម្លៃទីតាំងដែលស្នើសុំភ្ជាប់សេវាអ៊ីនធឺណិតក្នុងកម្រិតខ្ពស់ ជាពិសេសចាប់ពី ១០០GB ឡើងទៅ ព្រមទាំងការតភ្ជាប់បណ្តាញអគ្គិសនី ទឹកស្អាត និងសេវាសាធារណៈផ្សេងៗ ដើម្បីទប់ស្កាត់ការប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដែលសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការបង្ក្រាបបទល្មើស Online Scam។ ក្រុមការងារបានចុះត្រួតពិនិត្យ និងបិទទីតាំងពាក់ព័ន្ធជាច្រើន ដើម្បីធានាថាមិនមានការប្រព្រឹត្តបទល្មើសឡើងវិញ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ចំពោះទីតាំងការស៊ីណូ ណាដែលរកឃើញថាមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការចាប់បង្ខាំង ឬជំរិតទារប្រាក់ ក្រុមការងារនឹងចាត់វិធានការតឹងរ៉ឹង រួមទាំងការដកហូតអាជ្ញាប័ណ្ណ បង្កកគណនីធនាគារ និងផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ការកើតមានឡើងវិញនៃបទល្មើសទាំងនេះ។

ឯកឧត្តមបណ្ឌិត យ៉េត វីណែល ក៏បានថ្លែងអំណរគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ តំណាងអយ្យការ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើស Online Scam ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

Comments

Loading comments…