សិនយ៉ាង ខេត្តលៀវនីង ប្រទេសចិន៖ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្រោមមូលបទ «ការរួមបញ្ចូលប្រព័ន្ធផ្សព្វផ្សាយសម្រាប់កំណើនរួម៖ បើកទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន»។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកការស្វាគមន៍ និងការកោតសរសើរពី ឯកឧត្តម នេត្រ ភក្ត្រា ជូនចំពោះមជ្ឈមណ្ឌលអាស៊ាន-ចិន អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិចិន និងអាជ្ញាធរទីក្រុងសិនយ៉ាង ដែលបានរៀបចំវេទិកានេះប្រកបដោយជោគជ័យ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា។
ឯកឧត្តម ប្រាក់ ថាវអមិដា បានគូសបញ្ជាក់ថា វេទិកានេះប្រារព្ធឡើងក្នុងឱកាសដ៏មានសារៈសំខាន់ ស្របពេលអាស៊ាន និងចិនកំពុងអបអរសាទរខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងខួបលើកទី៣៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ ទំនាក់ទំនងដ៏រឹងមាំនេះ ត្រូវបានកសាងឡើងលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការជាក់ស្តែង និងការប្តេជ្ញាចិត្តរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ឯកឧត្តមបានលើកឡើងថា សម្រាប់កម្ពុជា ប្រព័ន្ធផ្សព្វផ្សាយគឺជាសសរស្តម្ភដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយដើរតួនាទីជាស្ពានភ្ជាប់ការយល់ដឹងទៅវិញទៅមក ជំរុញការផ្លាស់ប្តូរវប្បធម៌ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរួមបញ្ចូលគ្នារវាងសារព័ត៌មានបែបប្រពៃណី វេទិកាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងការផលិតមាតិកាច្នៃប្រឌិត បានបង្កើតឱកាសថ្មីៗសម្រាប់វិស័យផ្សព្វផ្សាយ ក្នុងការនាំយករឿងរ៉ាវ និងសមិទ្ធផលរួមរបស់តំបន់ទៅកាន់សាធារណជនឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។
ឯកឧត្តមក៏បានកត់សម្គាល់អំពីបញ្ហាប្រឈមដែលកើតឡើងពីការរីកចម្រើននៃបច្ចេកវិទ្យា រួមមានព័ត៌មានក្លែងក្លាយ (Deepfake) ការឆបោកតាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលខុសគោលដៅ ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ សុខដុមរមនាសង្គម និងសុចរិតភាពនៃព័ត៌មាន។
ឯកឧត្តមក៏បានស្វាគមន៍ចំពោះការដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើម «អ្នកបង្កើតមាតិកាបណ្តាញសង្គមអាស៊ាន-ចិន» ដោយចាត់ទុកថា ជាគំនិតផ្តួចផ្តើមទាន់ពេលវេលា និងមានសារៈសំខាន់ ក្នុងបរិបទដែលអ្នកបង្កើតមាតិកាឌីជីថលកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការទំនាក់ទំនងសាធារណៈ ការផ្លាស់ប្តូរវប្បធម៌ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ៕ ដោយ៖ ប៉ៃ សុឃីម




