ខេត្តព្រះសីហនុ៖ អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងព្រះសីហនុ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ ព្រមទាំងសម្ភារចាំបាច់មួយចំនួន ប្រគល់ជូនជនអនាថា និងជនវិបល្លាសស្មារតី ដែលកំពុងស្នាក់នៅអគារស្នាក់នៅបណ្តោះអាសន្នរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ។
អំណោយដែលបានផ្តល់ជូនរួមមាន នំចំនួន ១០០កញ្ចប់ (ស្មើនឹង ២០០នំ) ដែលជាការឧបត្ថម្ភពីលោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការកិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ រួមជាមួយលោកស្រី អេង គីមជូ អាជីវករបោះដុំគ្រឿងសមុទ្រ។ ជាមួយគ្នានេះ ក៏មានសាប៊ូដុសខ្លួនចំនួន ២០០ដុំ និងសាប៊ូម្សៅ ១០០កញ្ចប់ ដែលជាការឧបត្ថម្ភពីលោក លឹម ផេង អាជីវករបោះដុំគ្រឿងក្រអូបផងដែរ។
សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងលើកកម្ពស់អនាម័យរបស់អ្នកស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីចែករំលែក ក្តីមេត្តាករុណា និងការយកចិត្តទុកដាក់ចំពោះក្រុមមនុស្សងាយរងគ្រោះក្នុងសង្គមផងដែរ។
ក្នុងឱកាសនោះ តំណាងអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភធនធាន និងគាំទ្រសកម្មភាពសង្គមដ៏មានអត្ថន័យនេះ ព្រមទាំងជូនពរឱ្យទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
គួរបញ្ជាក់ថា អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងព្រះសីហនុ តែងតែរៀបចំសកម្មភាពសប្បុរសធម៌ជាបន្តបន្ទាប់ ដោយចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ជនវិបល្លាសស្មារតី ជនអនាថា ជនចាស់ជរាក្រីក្រ ស្ត្រីសម្រាលកូន និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងមូលដ្ឋានជាបន្តបន្ទាប់ផងដែរ៕ ដោយ៖ ប៉ៃ សុឃីម









