Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋមន្ត្រីសុខាភិបាលក្រើនរំលឹកឱ្យនាយកដ្ឋានទាំងអស់បន្តតាមដានជំងឺអេបូឡា

KPS99TVHistorical original · translation unavailable

ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានក្រើនរំលឹកឱ្យនាយកដ្ឋានអង្គភាពទាំងអស់ បន្តយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតលើបញ្ហាជំងឺឆ្លងនានា ពិសេសជំងឺ អេបូឡា Ebola ដែលកំពុងរាតត្បាតនៅប្រទេសមួយចំនួន។

ការក្រើនរំលឹករបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្វើឡើងក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ ប្រចាំខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត តាមប្រព័ន្ធ Zoom នៅថ្ងៃទី០៨ ខែមិថុនា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងអង្គភាពថ្នាក់កណ្តាល រួមទាំងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

ឯកឧត្តម ឈាង រ៉ា បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបានសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង ជំងឺមហារីក និងជំងឺមិនឆ្លងផ្សេងទៀត គឺជាសមិទ្ធផលដែលបានទទួលស្គាល់ និងសាទរពីគ្រប់អង្គការដៃគូជាតិ និងអន្តរជាតិ រួមទាំងអង្គការសុខភាពពិភពលោក។

ឯកឧត្តម គូសបញ្ជាក់ថា ត្បិតប្រទេសកម្ពុជាមិនទាន់ជឿនលឿនដល់កម្រឹតប្រទេសរីកចម្រើនឧស្សាហកម្ម តែមិត្តភក្តិបរទេសចម្រុះជាតិសាសន៍មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យសុខាភិបាលកម្ពុជា ដែលកំពុងវិវត្តន៍ខ្លួនជាបន្តបន្ទាប់ក្នុងលំនាំស្តង់ដារសាកល។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យអង្គភាពទាំងអស់ពិនិត្យការរៀបចំផែនការរំកិល ៣ឆ្នាំឱ្យបានច្បាស់លាស់ និងគិតគូររៀបចំវិភាគមុខងារនៅតាមអង្គភាពរបស់ខ្លួនឱ្យបានល្អ ស្របតាមគោលការណ៍កំណែទម្រង់ជាអាទិភាព៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…