Skip to main content
Preah Sihanouk Provincial Television
Log in

អ្នកនាំពាក្យសម្តេចតេជោស្នើឱ្យសារព័ត៌មានថៃកែតម្រូវការផ្សាយព័ត៌មានខុសពីការពិតជុំវិញជំហរកម្ពុជា

KPS99TVHistorical original · translation unavailable

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលបានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីខ្លឹមសារពិត ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។

ការបកស្រាយនេះធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយថា សម្តេចតេជោគាំទ្រការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយវិវាទព្រំដែន។ តែយ៉ាងណា អ្នកនាំពាក្យសម្តេចតេជោ បានអះអាងថា ការផ្សាយព័ត៌មានបែបនេះគឺមិនត្រឹមត្រូវហើយផ្ទុយពីខ្លឹមសារប្រសាសន៍ដើមរបស់សម្តេចតេជោ និងស្នើឱ្យសារព័ត៌មានថៃកែតម្រូវនិងបញ្ឈប់នូវការចុះផ្សាយព័ត៌មានខុសពីការពិតដែលវាមិនចំណេញដល់ការដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរនោះទេ។

ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា ក្នុងពេលចុះសួរសុខទុក្ខជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ក្នុងនាមជាប្រមុខរដ្ឋស្តីទី មិនបានប្រកាសជំហរប្រើប្រាស់កម្លាំងយោធាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃនោះទេ។ ផ្ទុយទៅវិញ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនគាំទ្រការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហានេះឡើយ។

ជាមួយគ្នា អ្នកនាំពាក្យរូបនេះ បានពន្យល់ថា ក្នុងសុន្ទរកថាកាលពីព្រឹកមិញ សម្តេចតេជោ គ្រាន់តែលើកឡើងចោទជាសំណួរនូវជម្រើសពីរឲ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយទី១ ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកទឹកដីដែលថៃដណ្តើមកាន់កាប់ត្រឡប់មកវិញ និងជម្រើសទី២ ជម្រើសដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិ។

ក្នុងចំណោមជម្រើសទាំងពីរនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ជម្រើសទី ១ គឺការប្រើកម្លាំងយោធា កម្ពុជា មិនត្រូវការឡើយ តែសម្តេចប្រមុខរដ្ឋស្តីទីបានប្រកាសជំហរយ៉ាងច្បាស់ទៅកាន់ជនរួមជាតិថា កម្ពុជាជ្រើសយកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកតាមយន្តការច្បាប់អន្តរជាតិ។ ឯកឧត្តម ជា ធីរិទ្ធ បានបន្ថែមថា ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់លាស់នូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាតាមយន្តការច្បាប់អន្តរជាតិ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…