Skip to main content
Preah Sihanouk Provincial Television
Log in

កម្លាំងចម្រុះសម្រេចបិទឃ្លាំងស្តុកទំនិញថៃមួយកន្លែង ដើម្បីស៊ើបអង្កេតបន្ត នៅខណ្ឌច្បារអំពៅ

KPS99TVHistorical original · translation unavailable

(ភ្នំពេញ) ៖ ទីតាំងស្តុកទំនិញនាំចូលពីប្រទេសថៃមួយកន្លែង ដែលមានអាសយដ្ឋាននៅផ្ទះលេខ៣៥២ ផ្លូវ៣៥១ ក្នុងភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងចម្រុះខណ្ឌ សហការជាមួយ លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ ចុះបិទជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។ វិធានការនេះធ្វើឡើងដើម្បីរង់ចាំមន្ត្រីជំនាញធ្វើការស្រាវជ្រាវ បន្ទាប់ពីមានការសង្ស័យថា ទីតាំងនេះបានលួចលាក់រក្សាទុកទំនិញគេចពន្ធ និងគ្មានគុណភាព ស្របពេលដែលព្រំដែនគោកកម្ពុជា-ថៃ ត្រូវបានបិទជិតទាំងស្រុង។

ប្រតិបត្តិការរឹតបន្តឹងនេះ ធ្វើឡើងស្របតាមស្មារតីនៃបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងគោលដៅលុបបំបាត់ការនាំចូលទំនិញខុសច្បាប់ពីប្រទេសជិតខាង ដែលធ្វើឱ្យខាតបង់ចំណូលពន្ធគយរបស់រដ្ឋ និងរងផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ។

គួររំលឹកថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានដាក់ទិសដៅយ៉ាងក្តៅគគុកទៅកាន់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឱ្យចាត់វិធានការដាច់ខាតចំពោះជនណាដែលហ៊ានបំពានច្បាប់លួចនាំចូលទំនិញពីថៃ ដោយត្រូវអនុវត្តទណ្ឌកម្មដកហូតទ្រព្យសម្បត្តិ និងបញ្ជូនឱ្យទៅធ្វើការនៅតំបន់ព្រំដែន។

ក្រោយការប្រកាសអាសន្ននេះ យុទ្ធនាការចុះឆែកឆេរ និងបង្ក្រាបទំនិញរត់ពន្ធត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំនៅទូទាំងប្រទេស ដែលជាលទ្ធផលរកឃើញនិងដកហូតបានទំនិញខុសច្បាប់ជាច្រើនសន្ធឹកសន្ធាប់។

ទាក់ទិននឹងបញ្ហានេះ ប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់បន្ថែមថា៖

ការរឹងមាំនៃសេដ្ឋកិច្ចក្នុងស្រុក៖ បច្ចុប្បន្នកម្ពុជាមានលទ្ធភាពផលិតទំនិញប្រើប្រាស់ស្ទើរតែគ្រប់គ្រាន់ទៅហើយ ដូច្នេះត្រូវតែទប់ស្កាត់ការនាំចូលខុសច្បាប់ដោយគ្មានការលើកលែង។

ការវែកមុខមន្ត្រីអំពើពុករលួយ៖ សម្តេចតេជោ នឹងកោះហៅក្រុមអាជីវករធំៗមកសួរចម្លើយផ្ទាល់ ដើម្បីស្វែងរកមុខមន្ត្រីខិលខូចដែលនៅពីក្រោយខ្នងនៃការបើកដៃឱ្យនាំចូលសាច់បង្កកខុសច្បាប់៕

ដោយ ៖ ឡាយ កុល

Comments

Loading comments…