Skip to main content
Preah Sihanouk Provincial Television
Log in

ករណីអ្នកកាសែតអនឡាញម្នាក់ថាមានរថយន្តដេញបុកខ្លួនពុំមែនជាករណីប៉ុនប៉ងមនុស្សឃាតទេ

KPS99TVHistorical original · translation unavailable

រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមិថុនា បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា ករណីអ្នកសារព័ត៌មានអនឡាញម្នាក់ បានបង្ហោះវីដេអូលើទំព័រហ្វេសបុកផ្ទាល់ខ្លួនឈ្មោះ «ប៉ាន ព័ត៌មាន» ថា មានករណីប៉ុនប៉ងមនុស្សឃាត ឬបង្កអសន្តិសុខតាមដងផ្លូវ ជាករណីទំនាស់បុគ្គលនិងបុគ្គល ពោលគឺពុំមែនជាករណីប៉ុនប៉ងមនុស្សឃាតឬការបង្កអសន្តិសុខតាមដងផ្លូវដូចការចុះផ្សាយនេះនោះឡើយ។

ការចេញមកបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានអនឡាញម្នាក់ប្រចាំខេត្តស្ទឹងត្រែងបានចុះមកធ្វើការនៅស្រុកឆែប ខេត្តព្រះវិហារ និងបានបង្ហោះវីដេអូលើទំព័រហ្វេសបុកផ្ទាល់ខ្លួនឈ្មោះ «ប៉ាន ព័ត៌មាន» ថា មានក្រុមជនមិនស្គាល់អត្តសញ្ញាណប្រមាណ ៤នាក់ ប៉ុនប៉ងមនុស្សឃាត ឬបង្កអសន្តិសុខតាមដងផ្លូវ ដោយបានដេញបុកស្ទាក់ផ្លូវ និងគំរាមកំហែងរូបលោកដែលជាអ្នកសារព័ត៌មាន។

ជុំវិញនឹងករណីនេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងអធិការដ្ឋាននគរបាលស្រុកឆែប បានចុះទៅធ្វើការស្រាវជ្រាវ និងវាយតម្លៃសន្និដ្ឋានថា ករណីខាងលើនេះ ពុំមែនជាករណី ប៉ុនប៉ងមនុស្សឃាត ឬការបង្កអសន្តិសុខតាមដងផ្លូវនោះទេ ពោលគឺជាករណីទំនាសរវាងបុគ្គល និងបុគ្គល។

យ៉ាងណា គិតមកដល់ពេលនេះ អ្នកសារព័ត៌មានឈ្មោះ ប៉ាន មិនទាន់បានចូលខ្លួនមកដាក់ពាក្យបណ្តឹង ឬបំភ្លឺជូនសមត្ថកិច្ចជំនាញនៅឡើយ ទោះបីជានាយប៉ុស្តិ៍នគរបាលឃុំឆែបពីរ បានព្យាយាមទាក់ទងទៅអ្នកសារព័ត៌មានរូបនេះឱ្យចូលខ្លួនបំភ្លឺ និងដាក់ពាក្យបណ្តឹងក៏ដោយ។

បច្ចុប្បន្ន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយអធិការដ្ឋាននគរបាលស្រុកឆែប និងប៉ុស្តិ៍គនរបាលរដ្ឋបាលឃុំឆែបពីរ កំពុងបន្តនីតិវិធីសាស្រ្ត និងស៊ើបអង្កេតករណីនេះតាមនីតិវិធីច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…