Skip to main content
Preah Sihanouk Provincial Television
Log in

កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទនៅព្រំប្រទល់ កំពង់ធំ-សៀមរាប រុះរើរបាំងស្បៃមុងខុសច្បាប់ជាង ៦៥០ម៉ែត្រ

KPS99TVHistorical original · translation unavailable

សង្កាត់រដ្ឋបាលជលផលពាមបាង សហការជាមួយកងកម្លាំងយោធា នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅតំបន់ពាមឈើកែវ ដល់កប់ចិន ជាប់ព្រំប្រទល់រវាងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង និងលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីជលផល និងកងកម្លាំងយោធា។

ជាលទ្ធផល ក្រុមការងារបានរុះរើ និងកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន របាំងស្បៃមុងចំនួន ១១របាំង ប្រវែងសរុប ៦៥០ម៉ែត្រ ឡុកស្បៃមុង ១១គ្រឿង លូ ឬលបស្បៃមុង ២២មាត់ និងបង្គោលចំនួន ៥៥០ដើម។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានចាក់លែងត្រីចម្រុះប្រមាណ ១០គីឡូក្រាម ចូលទៅក្នុងធម្មជាតិវិញផងដែរ។

សកម្មភាពនេះ គឺជាផ្នែកមួយនៃការពង្រឹងការអនុវត្តច្បាប់ និងការពារធនធានជលផល ដើម្បីធានានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី និងរក្សាទុកធនធានត្រីសម្រាប់ប្រជាពលរដ្ឋជំនាន់ក្រោយ៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…