ខេត្តព្រះសីហនុ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ដែលរៀបចំឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការយល់ដឹង និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការទប់ស្កាត់អាវុធប្រល័យលោក ដើម្បីការពារសន្តិសុខជាតិ សុខភាពសាធារណៈ និងបរិស្ថាន។
លោកអភិបាលរងបានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអាវុធគីមី និងក្រសួងការពារជាតិ ដែលបានរៀបចំវគ្គផ្សព្វផ្សាយនេះ ដើម្បីពង្រឹងចំណេះដឹងដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត។
លោកអភិបាលរងខេត្តបានលើកឡើងផងដែរអំពីការគំរាមកំហែងពីអាវុធប្រល័យលោកក្នុងបរិបទសន្តិសុខអន្តរជាតិ ជាពិសេសជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលបង្ហាញពីហានិភ័យនៃការប្រើប្រាស់អាវុធទំនើបៗ។
ទោះបីជាកម្ពុជា មិនមែនជាប្រទេសផលិតសារធាតុគីមីក៏ដោយ ការនាំចូល និងការប្រើប្រាស់សារធាតុគីមីនៅតែអាចបង្កហានិភ័យ ប្រសិនបើខ្វះការគ្រប់គ្រង និងវិធានការបង្ការដែលមានប្រសិទ្ធភាព។
ក្នុងឱកាសនោះលោកជំទាវឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយកនៃនាយកដ្ឋានហ្វឹកហ្វឺននិងបណ្តុះបណ្តាលជំនាញនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី បានមានប្រសាសន៍ថា ការផ្សព្វផ្សាយច្បាប់នេះ គឺជាការងារអាទិភាពរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ក្នុងគោលបំណងបង្កើនការយល់ដឹងដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីរួមចំណែកទប់ស្កាត់ការរីកសាយភាយអាវុធប្រល័យលោក និងថែរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រទេសជាតិ។
លោកជំទាវបានបញ្ជាក់ថា ច្បាប់របស់កម្ពុជា ហាមឃាត់ដាច់ខាតការផលិត កែច្នៃ ទទួល ផ្ទេរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ព្រមទាំងសារធាតុគីមីគ្រោះថ្នាក់ដែលអាចបង្កផលប៉ះពាល់ដល់មនុស្ស និងបរិស្ថាន។
លោកជំទាវក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬអង្គភាពពាក់ព័ន្ធ ប្រសិនបើប្រទះឃើញសកម្មភាព ឬវត្ថុគួរឱ្យសង្ស័យដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈ។
ចំណុចសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ លើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃអាវុធប្រល័យលោក ជំរុញការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ការពារសុខភាពប្រជាពលរដ្ឋ បរិស្ថាន និងសន្តិសុខជាតិ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការគោរពអនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមឃាត់អាវុធប្រល័យលោក រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា












