Skip to main content
Preah Sihanouk Provincial Television
Log in

ចំពោះមុខអន្តរជាតិ៖កម្ពុជាអំពាវនាវឱ្យអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ

KPS99TVHistorical original · translation unavailable

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះការកើនឡើងគួរឱ្យតក់ស្លុតនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកុមារក្នុងជម្លោះប្រដាប់អាវុធ និងបានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញនៃកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ដើម្បីការពារកុមារ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងថា កុមារជាង ៦៤០០នាក់នៅកម្ពុជានៅតែបន្តភៀសសឹក ហើយកម្ពុជាគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារការអប់រំ រួមទាំងតាមរយៈគំនិតផ្តួចផ្តើមដូចជា “សាលារៀនបណ្ដោះអាសន្ននៅជំរំ” របស់កម្ពុជា ដែលរៀបចំសម្រាប់កុមារភៀសសឹក និងសារៈសំខាន់នៃការធានាឱ្យបាននូវជំនួយមនុស្សធម៌ដែលយកចិត្តទុកដាក់ចំពោះកុមារ ដែលផ្តល់ជូនកុមាររងផលប៉ះពាល់។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាធ្វើការជាមួយដៃគូទាំងអស់ ដើម្បីធានាថាកុមារគ្រប់រូបអាចរស់នៅ, សិក្សា និងរីកចម្រើន ដោយគ្មានអំពើហិង្សា និងការភ័យខ្លាច។

សូមរម្លឹកថា ក្នុងសង្គ្រាមឈ្លានពានរបស់ថៃកាលពីឆ្នាំ២០២៥ បណ្តាលឱ្យមានជនភៀសសឹកប្រមាណ ៦៤០ ០០០នាក់ ដែលគិតមកត្រឹមថ្ងៃទី២៥ ខែមិថុនាម្សិលមិញ នៅមានប្រជាពលរដ្ឋប្រមាណជាង២១ ៥០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ពុំទាន់អាចវិលត្រលប់ទៅលំនៅឋានវិញនៅឡើយ បន្ទាប់ពីភូមិឋាន និងផ្ទះសម្បែង ត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ និងបំផ្លិចបំផ្លាញ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…