នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយនាយឧត្តមសេនីយ៍ Ronald P. Clark មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានក្នុងរយៈពេលកន្លងមក ជាពិសេសលទ្ធផលនៃកិច្ចប្រជុំ Army Staff Talks ដែលបានកំណត់ទិសដៅច្បាស់លាស់សម្រាប់ការពង្រឹងទំនាក់ទំនង និងការងាររួមនាពេលអនាគត។
ភាគីទាំងពីរក៏បានពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំសមយុទ្ធ «ឆ្មាំអង្គរ ២០២៧» (Angkor Sentinel 2027) ដែលត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រតិបត្តិការរួម ការផ្លាស់ប្តូរបទពិសោធន៍ និងការកសាងទំនុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ កម្ពុជា និងសហរដ្ឋអាមេរិក ក៏បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានការហ្វឹកហ្វឺន ការកសាងសមត្ថភាព និងការផ្លាស់ប្តូរអ្នកជំនាញ (SMEE) លើវិស័យដែលជាអាទិភាពរួម។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការពង្រឹងមិត្តភាព ទំនុកចិត្ត និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកងទ័ព និងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត៕
ដោយ៖ ប៉ៃ សុឃីម




