Skip to main content
Preah Sihanouk Provincial Television
Log in

ខ្មាសគេពេញពិភពលោក! អានុទីន ក្ដៅស្លឹកត្រចៀករឿងនារីថៃម្នាក់រត់ពន្ធគ្រឿងញៀនចូលអូស្ត្រាលី

KPS99TVHistorical original · translation unavailable

(បរទេស) ៖ លោក អានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ បានសម្តែងការខកចិត្ត និងខឹងសម្បារយ៉ាងខ្លាំងចំពោះករណីនារីជនជាតិថៃម្នាក់ ដែលត្រូវអាជ្ញាធរអូស្ត្រាលីចាប់ខ្លួនពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន។

 ថ្លែងពីប្រទេសបារាំងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ លោកបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការតឹងរ៉ឹងចំពោះបញ្ហានេះ ដោយលោកចាត់ទុកថាទង្វើនេះបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

គួររំឭកថា កាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅ អាជ្ញាធរអូស្ត្រាលីប្រចាំអាកាសយានដ្ឋានអន្តរជាតិ Melbourne បានឃាត់ខ្លួនបុគ្គលិកបម្រើការលើយន្តហោះវ័យ ២៦ឆ្នាំម្នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways (ជើងហោះហើរ TG465)។ ក្នុងប្រតិបត្តិការនោះ ប៉ូលិសបានរកឃើញថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ជាង ១គីឡូក្រាម ដែលមានតម្លៃទីផ្សារងងឹតប្រមាណ ៣៤ម៉ឺនដុល្លារអាមេរិក លាក់ទុកយ៉ាងលាក់កំបាំងក្នុងស្រទាប់កាបូបយួរដៃចំនួន ១២។

ជុំវិញករណីនេះ នារីសង្ស័យត្រូវបានចោទប្រកាន់ជាផ្លូវការចំនួន ២បទល្មើស រួមមាន ការនាំចូល និងការកាន់កាប់គ្រឿងញៀនក្នុងបរិមាណសម្រាប់ជួញដូរ។ យោងតាមច្បាប់របស់ប្រទេសអូស្ត្រាលី (ដែលមិនមានទោសប្រហារជីវិត) បទល្មើសទាំងពីរនេះអាចធ្វើឱ្យនាងប្រឈមនឹងការជាប់ពន្ធនាគារអតិបរមារហូតដល់ ៥០ឆ្នាំ៕

ដោយ ៖ ឡាយ កុល

Comments

Loading comments…