Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជានាំរសជាតិម្ហូបខ្មែរ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ទៅកាន់ទីក្រុងប៉ារីស ត្រៀមស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញ

KPS99TVHistorical original · translation unavailable

បន្ទាប់ពីបញ្ចប់សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ (សម័យប្រជុំវិសាមញ្ញ) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅវិមានស្នាក់នៅ Charles Floquet។

ក្នុងឱកាសដ៏វិសេសវិសាលនេះ កម្ពុជាបាននាំយកនូវមុខម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ ប្រណីត និងសម្បូរបែប ដើម្បីជូនថ្នាក់រដ្ឋមន្ត្រី និងគណៈប្រតិភូពីបណ្តាប្រទេសសមាជិកហ្វ្រង់កូហ្វូនី បានភ្លក្សរសជាតិ និងស្វែងយល់ពីអត្តសញ្ញាណវប្បធម៌ខ្មែរដ៏សម្បូរបែប ដែលជាមោទនភាពរបស់ជាតិនៅលើឆាកអន្តរជាតិ។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែបានបង្កើនភាពស្និទ្ធស្នាល និងការផ្លាស់ប្តូរយោបល់រវាងសមាជិកគ្រួសារហ្វ្រង់កូហ្វូនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានដ៏សំខាន់មួយក្នុងការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ នាពេលខាងមុខ។

ការបង្ហាញបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការនាំយករសជាតិម្ហូបខ្មែរទៅកាន់បេះដូងនៃទ្វីបអឺរ៉ុបនេះ បានឆ្លុះបញ្ចាំងពីភាពរួសរាយរាក់ទាក់ កិត្តិយស និងការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការស្វាគមន៍ថ្នាក់ដឹកនាំ និងគណៈប្រតិភូអន្តរជាតិមកកាន់រាជធានីភ្នំពេញនាពេលខាងមុខ៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…