កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (OIF) លើកទី៤៧ នៅទីក្រុងប៉ារីស ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកចំនួន ៥៣ ទាំងដោយផ្ទាល់ និងតាមអនឡាញ។ នេះបើយោងតាមបណ្ដាញព័ត៍មានដែលទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។
ដំណើរការជ្រើសរើសអគ្គលេខាធិការថ្មី៖ កិច្ចប្រជុំត្រូវបានបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ គឺជាការផ្តល់ឱកាសឱ្យបេក្ខជនបង្ហាញពីចក្ខុវិស័យ និងឆ្លើយសំណួររបស់គណៈប្រតិភូ។ ដំណាក់កាលទី២ គឺជាកិច្ចប្រជុំបិទទ្វារសម្រាប់រដ្ឋមន្ត្រី ដើម្បីបូកសរុបមតិយោបល់ និងរៀបចំជាអនុសាសន៍ជូនប្រមុខរដ្ឋ/រដ្ឋាភិបាលរៀងៗខ្លួន ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយលើតំណែងនេះ។
កម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចប្រជុំកំពូលលើកទី២០៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាបានរៀបចំខ្លួនរួចរាល់អស់ហើយ ក្នុងការស្វាគមន៍គណៈប្រតិភូអន្តរជាតិ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំជាប្រវត្តិសាស្ត្រនៅកម្ពុជានេះ នឹងធ្វើឡើងក្រោមប្រធានបទ "ប្តេជ្ញាបន្តការពារសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង" ដោយកម្ពុជាប្តេជ្ញាធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យត្រចះត្រចង់។
ការរឹតចំណងមិត្តភាព៖ ដើម្បីជាការស្វាគមន៍ និងបង្កើតបរិយាកាសស្និទ្ធស្នាល នៅល្ងាចថ្ងៃដដែលនោះ ឯកឧត្តម ប្រាក់ សុខុន ក៏បានរៀបចំពិធីជប់លៀងជូនគណៈប្រតិភូទាំងអស់ នៅឯនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងប៉ារីសផងដែរ៕ ដោយ ៖ ឡាយ កុល










