Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កោតសរសើរមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ក្នុងការលើកកម្ពស់ជីវភាពជនពិការ និងជនរងគ្រោះដោយសារមីន

KPS99TVHistorical original · translation unavailable

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះទស្សនកិច្ចសិក្សា និងពិនិត្យវឌ្ឍនភាពការងារនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ដែលទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ Handicap International (Humanity & Inclusion - HI)។

ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីតំណាងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) តំណាងអង្គការ HI និងមូលនិធិជនពិការ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ វាយតម្លៃវឌ្ឍនភាពការងារ ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងជំរុញការលើកកម្ពស់គុណភាពសេវាស្តារ និងសង្គ្រោះដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យកាន់តែមានប្រសិទ្ធភាព និងគ្របដណ្តប់ទូលំទូលាយជាងមុន។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមជ្ឈមណ្ឌល ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងការគាំទ្រចាំបាច់ដល់ជនមានពិការភាព និងជនរងគ្រោះដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គការ HI ដែលបានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រវិស័យសកម្មភាពមីន និងការស្តារលទ្ធភាពពលកម្មកាយសម្បទា ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ការគាំទ្រផ្នែកចិត្តសង្គមដល់ជនមានពិការភាព និងជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅខេត្តកំពង់ចាម និងតំបន់ជុំវិញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់យ៉ាងខ្ពស់ចំពោះការលើកកម្ពស់សុខុមាលភាព និងបរិយាបន្នសង្គមសម្រាប់ជនមានពិការភាព ស្របតាមគោលនយោបាយ «មិនទុកនរណាម្នាក់ចោល» និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលត្រូវការជំនួយ ទទួលបានសេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…