បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡេង ណាត អាយុ ៤២ឆ្នាំ មុខរបរជាអ្នកនេសាទ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ហើយបុរសម្នាក់ដែលបានធ្វើសកម្មភាពលួចយកគ្រឿងញៀនពីទីតាំងបង្ក្រាបរបស់កម្លាំងអាវុធហត្ថ កាលពីម្សិលមិញ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនបាននៅថ្ងៃនេះ ហើយកំពុងនាំខ្លួនទៅសួរចម្លើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជនសង្ស័យរូបនេះ បានលួចយកគ្រឿងញៀនចំនួន ៣កញ្ចប់ធំ មានទម្ងន់ប្រមាណ ៣គីឡូក្រាម ក្នុងអំឡុងពេលដែលកម្លាំងអាវុធហត្ថកំពុងអនុវត្តប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅលើដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោកមេបញ្ជាការបានបន្តថា បន្ទាប់ពីប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបានប្រទះឃើញបាវសម្រាប់វេចខ្ចប់គ្រឿងញៀនមានសភាពដាច់រហែកខុសប្រក្រតី ទើបធ្វើការសាកសួរអ្នកនេសាទដែលនៅក្បែរទីតាំងកើតហេតុ។ ក្រោយការស្រាវជ្រាវ និងសួរនាំ សមត្ថកិច្ចបានរកឃើញតម្រុយ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតបានគ្រឿងញៀនចំនួន ៣កញ្ចប់ធំមកវិញផងដែរ។
សូមរំលឹកថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីមន្ទីរបរិស្ថាន បានបើកប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនដ៏ធំមួយ នៅចំណុចកន្ទុយកោះហឹប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
ក្នុងប្រតិបត្តិការនោះ ទូករបស់ក្រុមជនសង្ស័យដឹកគ្រឿងញៀនមួយគ្រឿង ដែលផ្ទុកគ្រឿងញៀនចំនួន ២ការ៉ុង បានបុកជាមួយទូកអ្នកនេសាទមួយគ្រឿងផ្សេងទៀត។ ភ្លាមៗនោះ ក្រុមជនល្មើសបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងញៀន និងវត្ថុតាងមួយចំនួននៅលើទូក សម្រាប់សមត្ថកិច្ចបន្តនីតិវិធីស្រាវជ្រាវផងដែរ៕
ដោយ៖ ប៉ៃ សុឃីម





