Skip to main content
Preah Sihanouk Provincial Television
Log in

​បទល្មើសនេសាទក្នុងខេត្តកំពង់ធំមានការថយចុះពី៧០ទៅ៨០ភាគរយ

KPS99TVHistorical original · translation unavailable

៧០ភាគរយទៅ៨០ភាគរយ ជាចំនួននៃអត្រាថយចុះចំពោះបទល្មើសនេសាទ នៅក្នុងខេត្តកំពង់ធំ ខណៈកងកម្លាំងចម្រុះកំពុងបន្តសកម្មភាពយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសនៅក្នុងរដូវបិទនេសាទ និងកំពុងការពារយ៉ាងយកចិត្តទុកដាក់នៅតំបន់អភិរក្សពូជត្រី។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការងារបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំប្រចាំខែមិថុនា និងដាក់ចេញទិសដៅសម្រាប់អនុវត្តបន្តក្នុងខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី០៧ ខែកក្កដា លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបញ្ជាក់ថា ការងារការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពិសេសនៅតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាងស្រុកស្ទោង មានការថយចុះប្រមាណពី ៧០ ទៅ ៨០ភាគរយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ កងកម្លាំងចម្រុះកំពុងការពារយ៉ាងយកចិត្តទុកដាក់នៅតំបន់អភិរក្សពូជត្រី និងកំពុងបន្តធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសនៅក្នុងរដូវបិទនេសាទនេះយ៉ាងសកម្ម ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង សោម ស៊ុន បានកត់សម្គាល់ឃើញថា ឆ្នាំនេះ ផលត្រីគ្រប់ប្រភេទនៅគ្រប់ទីកន្លែងបានសម្បូរឡើងវិញជាបណ្ដើរៗហើយ ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាបង្ក្រាបឱ្យបាន មិនឱ្យមានរបាំស្បៃមុងកើតឡើងនៅគ្រប់ទីកន្លែងបានទៀតឡើយ និងត្រូវសហការគ្នាក្នុងការបង្ក្រាបបទល្មើសឆក់ត្រីគ្រប់ប្រភេទឱ្យបានជាដាច់ខាត ហើយត្រូវរួមគ្នាក្នុងការការពារតំបន់អភិរក្សពូជត្រីឱ្យបាន ដើម្បីទុកឱ្យត្រីពងកូននៅក្នុងរដូវបិទនេសាទនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តម នួន ផារ័ត្ន បានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន និងកងកម្លាំងចម្រុះទាំងអស់ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…