ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សារកដំណោះស្រាយលើជម្លោះនៅតាមព្រំដែនរវាងកម្ពុជានិងថៃ។ នេះបើតាមប្រភពការទូតដែលបានដកស្រង់ដោយ AFP និងបង្ហោះលើបណ្តាញសង្គមបន្តដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា។ កិច្ចប្រជុំបិទទ្វារនេះ ដែលត្រូវបានស្នើសុំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានកំណត់ពេលនៅម៉ោង ៣រសៀលនៅទីក្រុងញូវយ៉ក ត្រូវនឹងម៉ោង ២ ទៀបភ្លឺនៅកម្ពុជា ថ្ងៃទី២៦ ខែកក្កដា។ កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងតាមការស្នើសុំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់លិខិតផ្ញើជូន លោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតីភាពរបស់កម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត

