Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តម ឈឹម សៅគី ដឹកនាំគណៈកម្មការអន្តរក្រសួង ទទួលយកផ្លូវកៅស៊ូ ៤គីឡូម៉ែត្រ នៅស្រុកសំឡូត ខេត្តបាត់ដំបង

KPS99TVHistorical original · translation unavailable

ខេត្តបាត់ដំបង៖ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈកម្មការអន្តរក្រសួង ដែលមានតំណាងពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែង ៤គីឡូម៉ែត្រ ស្ថិតនៅពីភូមិអូរច្រាប ទៅភូមិបឹងរុន ឃុំចំការចេក និងឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

គម្រោងនេះមានទទឹងផ្លូវ ៦ម៉ែត្រ រួមជាមួយការសាងសង់ស្ពានបេតុង ១កន្លែង ប្រវែង ១៨ម៉ែត្រ លូមូលមុខបី ១កន្លែង និងបំពាក់ផ្លាកឈ្មោះផ្លូវ ដើម្បីបង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម ឈឹម សៅគី ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមដងផ្លូវ ដែលបានសម្តែងនូវក្តីរីករាយចំពោះសមិទ្ធផលថ្មីនេះ។ ផ្លូវថ្មីនឹងជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥។

ក្រសួងអភិវឌ្ឍន៍ជនបទ បន្តផ្តោតលើការស្ថាបនា ស្តារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយចាត់ទុកការតភ្ជាប់បណ្តាញផ្លូវជាកត្តាសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច។

ក្រោយការត្រួតពិនិត្យផ្នែកបច្ចេកទេស និងកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយក និងវាយតម្លៃបញ្ចប់សុពលភាពលើគម្រោងផ្លូវនេះជាផ្លូវការ។

«ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ និងច្បាស់ការណ៍ សូមចុច Follow និងតាមដានទំព័រ KPS99 ទាំងអស់គ្នា!»៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…