បន្ទាប់ពីបញ្ចប់ភារកិច្ចលោកគ្រូពេទ្យដែលធ្វើចលនាបេះដូងខុសបច្ចេកទេស ឈុន ផល្លី ចេញពីប្រធានមណ្ឌលសុខភាពសិត្បូ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី០៤ ខែសីហា បានប្រកាសចាត់តាំងលោកស្រី ប៉ុក ណូរ័ត្នផល្លា ឱ្យធ្វើជាប្រធានមណ្ឌលសុខភាពសិត្បូស្តីទី ដើម្បីដឹកនាំ ចាត់ចែងការងារប្រចាំថ្ងៃរបស់មណ្ឌលសុខភាព។ លោកស្រី ប៉ុក ណូរ័ត្នផល្លា មានឋានន្តរសក្តិ មន្ត្រីសុខាភិបាលមធ្យមដើមខ្សែ ថ្នាក់លេខ៣ (ខ.២.៣)។
សូមជម្រាបថា លោកគ្រូពេទ្យ ឈុន ផល្លី ត្រូវបានឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល សម្រេចបញ្ចប់ភារកិច្ចពីប្រធានមណ្ឌលសុខភាពសិត្បូដោយផ្ទេរមកបំពេញការងារជាមន្ត្រីវិញ ដោយសាររងការរិះគន់យ៉ាងខ្លាំងពីមហាជនលើបណ្តាញសង្គមដែលថា ការអនុវត្តវិធីសង្គ្រោះបឋមដោយធ្វើចលនាបេះដូង (CPR) លើជនរងគ្រោះជានារីវ័យ ១៧ឆ្នាំ មិនស្របតាមវិជ្ជាជីវៈ និងនីតិវិធីវេជ្ជសាស្ត្រ។
ក្រោយមក លោកគ្រូពេទ្យដែលធ្វើចលនាបេះដូងខុសបច្ចេកទេសរូបនេះ បានចេញលិខិតចំនួនពីរសន្លឹករៀបរាប់ពីហេតុការណ៍ និងសុំទោសដល់នារីរងគ្រោះក៏ដូចជាសាច់ញាតិ ចំពោះកាយវិកាសង្គ្រោះដែលប៉ះពាល់លើអ្នកជំងឺដោយអចេតនា។ ប៉ុន្តែការចេញលិខិតសុំទោសជាសាធារណៈនេះ មិនអាចបញ្ចប់នូវការប្រតិកម្មពីមហាជននោះទេ ពោលគឺពួកគាត់ចង់ឱ្យចាត់ការតាមផ្លូវច្បាប់លើលោកគ្រូពេទ្យ ឈុន ផល្លី ដែលធ្វើចលនាបេះដូងខុសបច្ចេកទេសឱ្យសងជំងឺចិត្តដល់នារីរងគ្រោះ។
រហូតមកដល់ពេលនេះ លោកគ្រូពេទ្យ ឈុន ផល្លី ត្រូវបានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិសម្រេចដកហូតអាជ្ញាបណ្ណ និងផ្អាកមិនអនុញ្ញាតឱ្យប្រកបវិជ្ជាជីវៈគិលានុបដ្ឋាករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺនឹងផ្អាកប្រកបវិជ្ជាជីវៈចាប់ពីថ្ងៃទី១០ ខែសីហានេះតទៅ៕
ដោយ៖ ង៉ែត ពិសាន្ត



