ជាលើកដំបូង រោងចក្រកែច្នៃ និងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុត បានបោះទុនវិនិយោគសរុប ៦៨លានដុល្លារអាមេរិក នឹងបង្កើតឡើងនៅលើផ្ទៃដីចំនួន ១,០០០ ហិកតា ក្នុងទឹកដីខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តពោធិ៍សាត់។
បើតាមឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅថ្ងៃពុធ ទី០៥ ខែសីហានេះថា ក្រុមហ៊ុន សូណាវិទ្យ (SONAVITH Co., Ltd.) របស់កម្ពុជា បានសហការជាមួយក្រុមហ៊ុនផលិតទឹកដោះគោយក្សរបស់ម៉ាឡេស៊ី Farm Fresh Berhad (Farm Fresh Malaysia) និងក្រុមហ៊ុន Alpha Group ដើម្បីវិនិយោគដ៏ធំមួយនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមឈ្មោះ FARM FRESH PURSAT ។
ឯកឧត្តមបានបញ្ជាក់ថា៖ «តាមរយៈការវិនិយោគដ៏ធំនេះ ខេត្តពោធិ៍សាត់នឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅកម្ពុជា ដែលនឹងបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងជាប្រវត្តិសាស្រថ្មីរបស់ខេត្ត ក៏ដូចជាសម្រាប់ប្រទេសកម្ពុជា»។
លោកស្រី សុខ ចាន់សូណា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SONAVITH Co., Ltd. បានថ្លែង បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាជួលដីវិនិយោគនៅខេត្តពោធិ៍សាត់ថា ក្រុមហ៊ុន FARM FRESH (PURSAT) នឹងអភិវឌ្ឍកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងសាងសង់រោងចក្រកែច្នៃ ដោយត្រូវចំណាយទុនសរុប ៦៨លានដុល្លារអាមេរិក។
លោក Loi Tuan Ee នាយកក្រុមហ៊ុន Farm Fresh Berhad Malaysia បានលើកឡើងថា៖ «ក្នុងនាមជាក្រុមហ៊ុនផលិតទឹកដោះគោឈានមុខមួយនៅតំបន់អាស៊ីអាគ្នេយ៍ ការមកបណ្តាក់ទុននៅខេត្តពោធិ៍សាត់ នឹងជួយភ្ជាប់ឈ្មោះរបស់ខេត្តទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក»៕
ដោយ៖ ង៉ែត ពិសាន្ត












