Skip to main content
Preah Sihanouk Provincial Television
Log in

ស្ពានបេតុងនិងផ្លូវបេតុងអាមេប្រវែងជាង៣០០ម៉ែត្រនៅស្រុកលើកដែកត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

KPS99TVHistorical original · translation unavailable

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ស្ពានបេតុង និងផ្លូវបេតុងអាមេ ប្រវែងជាង ៣០០ម៉ែត្រ នៅស្រុកលើកដែក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងឯកឧត្តម ចៅ សម្បត្តិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកលើកដែក។

ពិធីសម្ពោធសមិទ្ធផលដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងចំថ្ងៃចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំរបស់សម្ដេចតេជោជូនប្រជាពលរដ្ឋនៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បន្ទាប់ពីតំបន់នេះបានជួបប្រទះសោកនាដកម្មលិចទូកដរ កាលពីចុងឆ្នាំ២០២២ ដែលបណ្ដាលឱ្យសិស្សសាលាចំនួន១១នាក់បានបាត់បង់ជីវិត។

លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានលើកឡើងថា ស្ពានបេតុងនេះមានប្រវែង ៥៤ម៉ែត្រ ទទឹង ៨ម៉ែត្រ ព្រមទាំងមានដាក់លូជ្រុងមុខកាត់ ២ម៉ែត្រ ប្រវែង ១២ម៉ែត្រ។ ចំណែក ផ្លូវបេតុងអាមេ មានប្រវែង ៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្រាស់ ០,២ម៉ែត្រ។

ចំណែក ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា សមិទ្ធផលប្រវត្តិសាស្ត្រទាំងនេះ កើតចេញពីការផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីឧបទ្ទវហេតុដ៏សោកសៅកាលពីឆ្នាំ២០២២។ ឯកឧត្តមអភិបាលខេត្ត បាននាំនូវការចូលរួមសោកស្ដាយ និងរំលែកទុក្ខរបស់សម្ដេចតេជោ ជូនដល់ក្រុមគ្រួសារដែលបានបាត់បង់ជីវិតក្នុងឧប្បត្តិហេតុនោះ។ ឯកឧត្តម គួច ចំរើន បានឧបត្ថម្ភបង្គោលភ្លើងបំពាក់ភ្លើងសូឡាជាង ៦០០ដើម ដោយបានបំពាក់រួចរាល់ចំនួន ២៥២ដើម ជូនដល់អ្នកភូមិកោះចម្រើន។

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសមិទ្ធផលទាំងនេះ គោរពច្បាប់ចរាចរណ៍ និងរួមគ្នាថែរក្សាអនាម័យបរិស្ថាន ធ្វើយ៉ាងណាឱ្យភូមិកោះចម្រើនក្លាយជាភូមិដែលមានអនាម័យល្អ។ ទន្ទឹមគ្នានេះ ឯកឧត្តម គួច ចំរើន បានជំរុញឱ្យម្ចាស់ទូកដរទាំងអស់ត្រៀមឧបករណ៍សុវត្ថិភាពដូចជា អាវពោង និងពោងសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់រដូវទឹកឡើងខាងមុខផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…