ព្យុះចំនួនពីរមិនទាន់អស់ឥទ្ធិពលផង ឥឡូវកម្ពុជាមានព្យុះមួយទៀតដែលអាចនាំឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ បើតាមក្រសួងធនធានទឹក បានអំពានាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសអ្នកធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៦ ខែសីហា ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១៥ ឈ្មោះ ចាន់ហម (Chan-hom)T2615 រួមជាមួយជាមួយព្យុះទី១៤ ឈ្មោះ គូជីរ៉ា (Kujira) T2614 និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin)T2613 មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។ ប៉ុន្តែយ៉ាងណា កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះនោះទេ ។
ស្ថានភាពបែបនេះ បើតាមក្រសួងធនធានទឹក បានបញ្ជាក់ថា នឹងធ្វើឱ្យធាតុអាកាសនៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០ភាគរយ។
តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០ភាគរយ។ រីឯ តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៧០ភាគរយ ខណៈរលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមចន្លោះពី ០,៥០ម៉ែត្រ ដល់ ១,៧៥ម៉ែត្រ។
បើតាមក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងដូច្នេះ៖ «យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក។ ក្រសួងធនធានទឹកនឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល»៕
ដោយ៖ ង៉ែត ពិសាន្ត

