Skip to main content
Preah Sihanouk Provincial Television
Log in

អាជ្ញាធរជាតិអប្សរា ធ្វើសិក្ខាសាលា ស្ដីពី«ការអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា»!

KPS99TVHistorical original · translation unavailable

(សៀមរាប)៖ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា(CWC) បានរៀបចំធ្វើសិក្ខាសាលាស្តីពី «ការអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា» ជូនដល់ភ្នាក់ងារសណ្តាប់ធ្នាប់ ភ្នាក់ងារទេសចរណ៍ ក្រុមការងារផ្នែកអភិរក្សប្រាសាទ ក្រុមការងារគ្រប់គ្រងទឹក និងព្រៃឈើ និងអង្គភាពនគរបាលការពារបេតិកភណ្ឌតំបន់អង្គរ សរុប៦០នាក់។

លោក ស៊ិន ពិសី ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ បានមានប្រសាសន៍ថា សិក្ខាសាលានេះ មានសារសំខាន់ដល់សិក្ខាកាមចូលរួម។ លោកបានពន្យល់ថា ក្រៅពីប្រាសាទ យើងក៏មានព្រៃឈើ និងសត្វព្រៃ ដែលជាផ្នែកមួយដ៏សំខាន់នៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ ដូច្នេះទាមទារឱ្យមានការការពារ និងគ្រប់គ្រងឱ្យបានល្អប្រសើរ។ សិក្ខាសាលានេះ ជាចំណែកមួយក្នុងការលើកកម្ពស់ការយល់ដឹងដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលកំពុងបំពេញភារកិច្ចក្នុងរមណីយដ្ឋានអង្គរ ឱ្យយល់កាន់តែស៊ីជម្រៅទាក់ទងនឹងព្រៃឈើ និងសត្វព្រៃ។

បន្ថែមពីនេះលោក ស៊ិន ពិសី បានអំពាវនាវឱ្យសិក្ខាកាមទាំងអស់ មានមតិយោបល់ លើកជាសំណួរផ្សេងៗទៅកាន់វាគ្មិន ដើម្បីទទួលបានចំណេះដឹងគ្រប់ជ្រុងជ្រោយលើបញ្ហាព្រៃឈើ និងសត្វព្រៃ។ ការផ្លាស់ប្តូរការពិភាក្សាគ្នា ដើម្បីស្វែងរកនូវដំណោះស្រាយ ប្រសិទ្ធភាព និងយុទ្ធសាស្រ្តថ្មីៗ ក្នុងការគ្រប់គ្រង និងអភិរក្សព្រៃឈើព្រមទាំងសត្វព្រៃឱ្យបានគង់វង្ស និងចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ។ លោកប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់មានសុទិដ្ឋិនិយមថា ក្រោយពេលចូលរួមសិក្ខាសាលានេះរួច សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងសំខាន់ៗពីវាគ្មិន នឹងចូលរួមជាចលករមួយក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃ ដែលកំពុងទទួលរងការគំរាមកំហែង។ល។

សូមជម្រាបថា សិក្ខាសាលានេះរៀបចំឡើង ចាប់ពីថ្ងៃទី៣ ខែសីហា តទៅ នៅនាយកដ្ឋានសណ្តាប់ធ្នាប់។ ប្រធានបទសំខាន់ៗដែលវាគ្មិនធ្វើបទបង្ហាញរួមមាន ១. ពស់នៅកម្ពុជា និងការព្យាបាលរបួសដោយសារពស់ចឹក ២. បច្ចេកទេសការពារព្រៃឈើ និងការល្បាតព្រៃ ៣. បញ្ហាព្រៃឈើបច្ចុប្បន្ននៅក្នុងរមណីយដ្ឋានអង្គរ និងវិធានការដែលបានអនុវត្ត ៤. គម្រោងដោះលែងសត្វព្រៃក្នុងរមណីយដ្ឋានអង្គរ និង ៥. ការការពារព្រៃឈើ និងសត្វព្រៃនៅក្នុងរមណីយដ្ឋានអង្គរ។ ក្រៅពីនេះ សិក្ខាកាមទាំងអស់ក៏បានចុះកម្មសិក្សាដោយផ្ទាល់ នៅព្រៃឧទ្យានអង្គរផងដែរ ដើម្បីស្វែងយល់ពី ស្ថានភាពព្រៃឈើ និងការដោះលែងសត្វព្រៃ៕

ដោយ៖ ធី លីថូ

Comments

Loading comments…