Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា អំពាវនាវឱ្យអនុវត្តជាបន្ទាន់នូវសេចក្តីប្រកាសរួម និងបន្តការវាស់វែង-បោះបង្គោលព្រំដែនកម្ពុជា-ថៃ

KPS99TVHistorical original · translation unavailable

នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបលើកទី៥៩ នៃការបង្កើតអាស៊ាន។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងដៃគូ ដើម្បីរួមចំណែកពង្រឹងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពក្នុងតំបន់ ព្រមទាំងជំរុញការកសាងសហគមន៍អាស៊ានដែលមានភាពធន់ បរិយាបន្ន និងផ្តោតលើប្រជាជន។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  ប្រាក់ សុខុន បានគូសបញ្ជាក់ថា ដំណោះស្រាយប្រកបដោយយុត្តិធម៌ សន្តិភាព និងស្ថិរភាពយូរអង្វែង គឺជាមូលដ្ឋានសំខាន់ ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាដោយសន្តិភាព និងរួមគ្នាអភិវឌ្ឍប្រកបដោយវិបុលភាព។

ជាមួយគ្នានេះ កម្ពុជាបានបន្តអំពាវនាវឱ្យមាន ការអនុវត្តជាបន្ទាន់ ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងបោះបង្គោលព្រំដែនគោករបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។

កម្ពុជាក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលបានភៀសខ្លួន អាចវិលត្រឡប់ទៅកាន់លំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតជាធម្មតាវិញ ដោយគ្មានការរារាំង និងត្រូវធានាឱ្យមានសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងឆាប់រហ័សបំផុត។

កម្ពុជាបញ្ជាក់ថា ការដោះស្រាយបញ្ហាតាមមធ្យោបាយសន្តិភាព និងការគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ គឺជាគន្លឹះសម្រាប់ធានាសន្តិភាព ស្ថិរភាព និងការរួមរស់ដោយសុខដុមរមនារវាងប្រជាជននៃប្រទេសទាំងពីរ។

«សូមតាមដាន KPS99 ដើម្បីទទួលបានព័ត៌មានថ្មីៗ!»៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…