នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមនាវី Stephen T. Web Koehler មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការចូលចតនាវាយោធា និងការត្រៀមរៀបចំលំហាត់ហ្វឹកហ្វឺនរួមនៅឆ្នាំ២០២៧។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានចូលរួមចំណែកក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងស្វាគមន៍ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការរុករកអដ្ឋិធាតុយុទ្ធជនអាមេរិកដែលបាត់ខ្លួន និងការពង្រឹងសមត្ថភាពកងទ័ព។
ជាមួយគ្នានេះ ឯកឧត្តមអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំងយោធា។
ជាការឆ្លើយតប មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក បានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ។ កិច្ចសហប្រតិបត្តិការនោះ រួមមាន ការធ្វើលំហាត់ហ្វឹកហ្វឺន «ការ៉ាត់» ឡើងវិញនៅឆ្នាំ២០២៧ កិច្ចសហប្រតិបត្តិការផ្នែកជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ ព្រមទាំងការចូលរួមលំហាត់ SEACAT ដើម្បីរួមចំណែកពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។
«សូមតាមដាន KPS99 ដើម្បីទទួលបានព័ត៌មានថ្មីៗ!»៕
ដោយ៖ ប៉ៃ សុឃីម






