Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តម ម៉ាង ស៊ីណេត៖ ឆមាសទី១ឆ្នាំនេះ រដ្ឋបាលខេត្តព្រះសីហនុ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចំនួន១៤ករណី ក្នុងបណ្ដឹង១៦៩ករណី និងកំពុងបន្តដោះស្រាយ

KPS99TVHistorical original · translation unavailable

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី«កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ» រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក) និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំសាលាដំបូងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងថា ការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួល ផ្សះផ្សាវិវាទរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុនាពេលនេះ គឺជាការបើកទំព័រថ្មីបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងវិស័យយុត្តិធម៌ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ឯកឧត្តម ម៉ាង ស៊ីណេត សង្ឃឹមយ៉ាងមុតមាំថា តាមរយៈអនុស្សារណៈនេះ នឹងបង្កើន ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ព្រោះថា ចំពោះសំណុំរឿងដែលបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យរដ្ឋបាលខេត្តអាចយកសំណុំរឿងនោះ មកឱ្យ អ.ដ.ក. ទទួលស្គាល់ និងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក.។

ស្របពេលជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលពាក្យបណ្ដឹង និងសំណើផ្សេងៗសរុបចំនួន១៦៩ករណី ក្នុងនោះ៖

- បានសម្របសម្រួល និងដោះស្រាយចប់ដោយរដ្ឋបាលខេត្តចំនួន ១៤ករណី

- បានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ដើម្បីជាសមត្ថកិច្ចចំនួន ៦៤ករណី

- បានឆ្លើយតបទៅម្ចាស់សំណើ ចំនួន ១៩ករណី

- សំណុំរឿងរក្សាទុកជាឯកសារ ចំនួន ៣០ករណី

- បានកំពុងបន្តដោះស្រាយចំនួន ៤២ករណី។

ចំណែក ឯកឧត្តម ជិន ម៉ាលីន បានលើកឡើងថា «ការចុះMOUនាពេលនេះ គឺក្នុងគោលបំណងដើម្បីពង្រឹងពង្រីកសហប្រតិបត្តិការក្នុងភាពជាដៃគូសំដៅរួមគ្នាលើកកម្ពស់គុណភាពប្រិសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ

ក្រៅប្រព័ន្ធតុលាការ។ ផ្អែកតាមMOUនេះ អ.ដ.ក និងរដ្ឋបាលខេត្តព្រះសីហនុនឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងការផ្សះផ្សាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៖

ក្នុងករណីដែលមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អ.ដ.ក នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខណ្ឌនៃអ.ដ.ក ចំពោះសំណុំរឿងទាំងឡាយណាដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យដោយរដ្ឋបាលថ្នាក់ក្រោមជាតិឬអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែលឋិតក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្តក៏អាចបញ្ជូនសំណុំរឿងវិវាទដែលទទួលបានពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខេត្ត ដើម្បីដាក់ជូនអ.ដ.ក ពិនិត្យនិងដោះស្រាយផងដែរ៕

ដោយ៖ ធី លីថូ

រូបភាព៖ កែវ ដារ៉ា

Comments

Loading comments…