ព្រឹកថ្ងៃទី២នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់បានសិស្សធ្លាក់ថ្នាក់ទី១១ម្នាក់មិនមានឈ្មោះក្នុងបញ្ជីប្រឡងបាក់ឌុបឆ្នាំ២០២៦ ប៉ុន្តែបន្លំចូលមណ្ឌលប្រឡងព្រោះខ្លាចឪពុកម្តាយស្តីបន្ទោស ដោយសារួបគេកុហក់ឪពុកម្តាយថា ខ្លួនមានឈ្មោះប្រឡងបាក់ឌុប។ ករណីនេះ បានកើតឡើងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន សំបួរមាស ស្ថិតក្នុងខេត្តកំពង់ចាម។
បើតាម ACU សិស្សឈ្មោះ សឿន វិសា ជាសិស្សប្រឡងធ្លាក់ថ្នាក់ទី១១ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ បានមកមណ្ឌលប្រឡង និងចូលក្នុងមណ្ឌលប្រឡង ព្រោះបានកុហកឪពុកម្តាយថា ខ្លួនមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦។ តាម ACU ក្រោយពីពិនិត្យផ្ទៀងផ្ទាត់រួច គឺមិនមានឈ្មោះសិស្សនេះក្នុងបញ្ជីបេក្ខជនប្រឡងទេ ហើយគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្ត ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្ត និងភាគីពាក់ព័ន្ធ បាន អញ្ជើញឪពុករបស់សិស្សមកធ្វើការធានាអះអាង និងទទួលស្គាល់កូន ព្រមទាំងទទួលស្គាល់ថា កូនរបស់ខ្លួនពិតជាប្រឡងធ្លាក់តាំងពីថ្នាក់ទី១១មកម្លេះ ព្រមទាំងទទួលស្គាល់ថា ពិតជាមិនមានឈ្មោះក្នុងបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ និងមិនបានមកប្រឡងជំនួសអ្នកណានោះឡើយ។ ក្រៅពីនេះ ACU បានធ្វើកំណត់ហេតុ និងណែនាំសិស្ស សឿន វិសា មិនឱ្យប្រព្រឹត្តកំហុសបែបនេះបន្តទៀតឡើយ ព្រមទាំងសន្យាកែខ្លួននៅចំពោះមុខគណៈកម្មការទាំងអស់ ព្រមទាំងចំពោះមុខឪពុករបស់ខ្លួនផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត






