Skip to main content
Preah Sihanouk Provincial Television
Log in

ការប្រឡងបាក់ឌុបឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ បញ្ចប់ដោយរលូន និងជោគជ័យ

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា បានបញ្ចប់ដោយរលូន និងគ្មានបាតុភាពរំខានដល់បេក្ខជន។
លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ក្រុងព្រះសីហនុមានមណ្ឌលប្រឡងចំនួន៣ ហើយដំណើរការប្រឡងបានប្រព្រឹត្តទៅដោយប្រក្រតី រហូតដល់ថ្ងៃបញ្ចប់។
ដោយឡែក លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានបញ្ជាក់ថា ស្រុកព្រៃនប់មានមណ្ឌលប្រឡងចំនួន២ ហើយការប្រឡងក៏ដំណើរការបានល្អ និងរលូនផងដែរ។ ទោះមានបេក្ខជនមួយចំនួនមានជំងឺគ្រុនឈាម ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធបានសម្របសម្រួល និងជួយឲ្យពួកគេអាចបន្តការប្រឡងបានដោយជោគជ័យ។
សរុបមក មណ្ឌលប្រឡងទាំង៥ ទូទាំងខេត្តព្រះសីហនុ បានដំណើរការដោយប្រក្រតី សុវត្ថិភាព និងរលូន។ ទន្ទឹមនោះ អាណាព្យាបាលបានអញ្ជើញមករង់ចាំ និងផ្តល់កម្លាំងចិត្តដល់កូនៗ ទោះបីមានអាកាសធាតុក្តៅ ឬមានភ្លៀងធ្លាក់នៅតំបន់ខ្លះក៏ដោយ។ ក្រោយបញ្ចប់ការប្រឡង បេក្ខជនបានបង្ហាញក្តីសប្បាយរីករាយ និងធូរស្រាល បន្ទាប់ពីបានបញ្ចប់បេសកកម្មដ៏សំខាន់មួយក្នុងជីវិតសិក្សារបស់ពួកគេ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត

Comments

Loading comments…