Skip to main content
Preah Sihanouk Provincial Television
Log in

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកទិញទំនិញអនឡាញ

KPS99TVHistorical original · translation unavailable

ដោយសារភាពងាយស្រួលនិងមានជម្រើសដ៏សម្បូរបែបបានធ្វើឱ្យប្រជាពលរដ្ឋនាំគ្នាងាកមករកទិញទំនិញតាមប្រព័ន្ធអនឡាញដ៏ច្រើនសន្ធឹកសន្ធាប់។ ទន្ទឹមនឹងភាពងាយស្រួល ក៏ការទិញទំនិញតាមអនឡាញ បង្កើតឱ្យមានបទល្មើសឆបោកដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលទាមទារឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់។

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ការឆបោកទិញទំនិញអនឡាញ គឺជាសកម្មភាពដែលជនខិលខូចបង្កើតគណនី ឬហាងលក់ទំនិញក្លែងក្លាយ ដើម្បីទាក់ទាញឱ្យជនរងគ្រោះផ្ទេរប្រាក់ ប៉ុន្តែមិនមានទំនិញពិត ឬផ្ញើទំនិញមិនដូចការផ្សព្វផ្សាយឡើយ។

តាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជនឆបោកតែងប្រើប្រាស់ល្បិចកលផ្សេងៗដូចជា ការបង្កើតគេហទំព័រ ឬ Page ក្លែងក្លាយ ការភ្ជាប់ទំនាក់ទំនងតាម Messenger ឬ Telegram និងការជំរុញឱ្យផ្ទេរប្រាក់កក់ ឬបង់ប្រាក់ទាំងអស់តាមរយៈ QR Code។ បន្ទាប់ពីទទួលបានប្រាក់ ពួកគេនឹងបិទទំនាក់ទំនង (Block) ឬទាមទារថ្លៃបន្ថែមមុននឹងបាត់ខ្លួន។

សញ្ញាដែលត្រូវសង្ស័យរួមមាន តម្លៃទំនិញថោកជាងទីផ្សារខ្លាំង (៥០% - ៧០%) Page ទើបបង្កើតថ្មី ឬដូរឈ្មោះញឹកញាប់ ការបិទ Comment ឬមាន Comment ដូចៗគ្នា (Bot) ការបង្ខំឱ្យផ្ទេរប្រាក់ជាមុន និងគណនីធនាគារជាឈ្មោះបុគ្គល មិនមែនឈ្មោះហាង ឬក្រុមហ៊ុន។

ដើម្បីការពារខ្លួនពីការឆបោកទាំងនេះ សាធារណជនត្រូវចងចាំថា «កុំជឿ! កុំប្រញាប់ផ្ទេរប្រាក់! ផ្ទៀងផ្ទាត់ប្រភពឱ្យច្បាស់លាស់ មុនពេលបញ្ជាទិញ»។

ការពិនិត្យមើលភាពជឿជាក់របស់ហាង ឬ Page ឱ្យបានហ្មត់ចត់ គឺជាគន្លឹះដ៏សំខាន់ក្នុងការជៀសវាងការបាត់បង់ប្រាក់ដោយសារជនខិលខូច។ សូមចូលរួមចែករំលែកព័ត៌មាននេះ ទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាទាំងអស់គ្នា៕

ដោយ៖ ង៉ែត ពិសាន្ត


Comments

Loading comments…