Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋមន្រ្តីមហាផ្ទៃជំរុញដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុកខណ្ឌនិងឃុំ-សង្កាត់ឱ្យបានចប់ត្រឹមថ្ងៃ៣០វិច្ឆិកា

KPS99TVHistorical original · translation unavailable

ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរាជធានី-ខេត្ត ក្រុង-ស្រុកខណ្ឌ និងឃុំ-សង្កាត់ឱ្យបានចប់សព្វគ្រប់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើតាមលិខិតរបស់ឯកឧត្តម ស សុខា ជម្រាបជូនអភិបាលរាជធានី-ខេត្ត ចេញនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។

ការណែនាំរបស់ឯកឧត្តម ស សុខា ធ្វើឡើងដើម្បីធានាឱ្យការងារកំណត់ព្រំប្រទល់រដ្ឋបាលនៅគ្រប់ថ្នាក់រដ្ឋបាលដែលនៅមិនទាន់បានពិនិត្យ និងដោះស្រាយបញ្ចប់ បានត្រឹមត្រូវស្របតាមគោលការណ៍ច្បាប់ និងទាន់ពេលវេលាកំណត់។

បើតាមលិខិតរបស់ឯកឧត្តម ស សុខា កន្លងមក ក្រសួងមហាផ្ទៃបានដាក់ចេញគោលការណ៍ និងលិខិតណែនាំជាបន្តបន្ទាប់ ដើម្បីជំរុញការពិនិត្យ ការកំណត់ និងការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុកខណ្ឌ និងឃុំ-សង្កាត់ឱ្យបានច្បាស់លាស់ត្រឹមត្រូវ និងស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាលទ្ធផល រដ្ឋបាលថ្នាក់ក្រោមជាតិ ភាគច្រើនបានយកចិត្តទុកដាក់សហការពិនិត្យ ផ្ទៀងផ្ទាត់ និងដោះស្រាយដោយបានឯកភាពគ្នាលើខ្សែព្រំប្រទល់ រដ្ឋបាលរបស់ខ្លួនបានត្រឹមត្រូវគួរឱ្យកត់សម្គាល់។

ទោះជាយ៉ាងណាក៏នៅមានរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន មិនទាន់បានចាត់ចែងអនុវត្តឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅឡើយ ដោយបានព្រមព្រៀង និងឯកភាពគ្នាកំណត់ ឬកែប្រែព្រំប្រទល់រដ្ឋបាលនៅត្រឹមដែនសមត្ថកិច្ចថ្នាក់រដ្ឋបាលរបស់ខ្លួន ដែលជាការអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ ឬជាទង្វើមិនស្របច្បាប់ដែលមានបញ្ញត្តិក្នុងជំពូកទី២ ផ្នែកទី៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ផ្អែកតាមស្មារតីមាត្រា៧ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បានកំណត់ថា “ការបង្កើត ការលុបចោល និងការកែប្រែ ព្រំប្រទល់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវសម្រេចដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ”។ ចំណែកឯ “ការបង្កើត ការលុបចោល និងការកែប្រែព្រំប្រទល់រាជធានី ខេត្ត ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ” ដោយអនុលោមតាមមាត្រា៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ព្រំប្រទល់ឃុំ សង្កាត់ ត្រូវបានរៀបចំ និង កំណត់ឡើងវិញដោយអនុលោមតាមមាត្រា៨៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០០១ ដែលបានចែងថា “ដើម្បីមានមូលដ្ឋានសម្រាប់រៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងគ្រប់គ្រងឃុំ សង្កាត់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវចេញប្រកាសអំពីចំនួន ឈ្មោះ និងព្រំប្រទល់របស់ឃុំ សង្កាត់ ក្នុងទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជាឱ្យបាន ៩ខែមុនកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នា អាណត្តិដំបូងនេះ”។

តាមលិខិតដដែល បានឱុ្យដឹងថា អនុវត្តតាមស្មារតីច្បាប់នេះ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវប្រកាសលេខ ៤៩៣ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ ស្តីពីការកំណត់ចំនួនឈ្មោះ និងព្រំប្រទល់ឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា ដែលព្រំប្រទល់ឃុំ សង្កាត់នេះត្រូវបានប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន ប៉ុន្តែព្រំប្រទល់ឃុំ សង្កាត់មួយចំនួន ត្រូវបានធ្វើការកែប្រែជាបន្តបន្ទាប់ ស្របតាមការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ស្របតាមច្បាប់ជាធរមាន។

ទោះបីជាយ៉ាងនេះក្តី ផែនទីព្រំប្រទល់ឃុំ សង្កាត់ដែលបានរៀបចំរួចនេះ ក៏នៅមានចំណុចខ្វះខាតខ្លះនៅពេលធ្វើការកំណត់ព្រំប្រទល់នៅលើដីជាក់ស្តែងនៅកន្លែងមួយចំនួន ដែលតម្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការពិនិត្យរួមគ្នា សម្របសម្រួល និងដោះស្រាយឱ្យបានចប់សព្វគ្រប់នៅកន្លែងដែលពុំទាន់មានភាពច្បាស់លាស់៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…