Skip to main content
Preah Sihanouk Provincial Television
Log in

អភិបាលខេត្តកណ្តាល ចុះពិនិត្យគម្រោងសាលារៀន និងប្រព័ន្ធលូក្នុងក្រុងតាខ្មៅ ជំរុញឱ្យធានាគុណភាព និងស្តង់ដារបច្ចេកទេស

KPS99TVHistorical original · translation unavailable

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់សាលារៀន និងគម្រោងជួសជុល-ដាក់លូបង្ហូរទឹកក្នុងក្រុងតាខ្មៅ ដោយផ្តោតលើគុណភាព សុវត្ថិភាព ស្តង់ដារបច្ចេកទេស និងការអនុវត្តតាមផែនការកំណត់។

ក្នុងដំណើរចុះពិនិត្យ ឯកឧត្តម អភិបាលខេត្តបានពិនិត្យគម្រោងសាងសង់ សាលាបឋមសិក្សាព្រែកតាពៅ ដែលជាអគារថ្មីកម្ពស់២ជាន់ មាន១០បន្ទប់ ទទឹង៩ម៉ែត្រ និងបណ្តោយ៤៦ម៉ែត្រ ព្រមទាំង សាលាបឋមសិក្សាព្រែកឫស្សី អគារថ្មីមានកម្ពស់២ជាន់ ចំនួន១៨បន្ទប់ ទទឹង១១ម៉ែត្រ និងបណ្តោយ៧៩ម៉ែត្រ។

ឯកឧត្តម គួច ចំរើន បានណែនាំឱ្យអ្នកទទួលបន្ទុកគម្រោងយកចិត្តទុកដាក់លើការអនុវត្តតាមប្លង់ និងលក្ខណៈបច្ចេកទេសសំណង់ ដើម្បីធានាគុណភាព ភាពរឹងមាំ និងសុវត្ថិភាព ព្រមទាំងជំរុញឱ្យគម្រោងបញ្ចប់តាមពេលវេលាកំណត់។ ឯកឧត្តម ក៏បានណែនាំឱ្យគណៈគ្រប់គ្រងសាលារៀនរៀបចំបរិវេណឱ្យមានសោភ័ណភាព និងបរិយាកាសសមស្របសម្រាប់ការបង្រៀន និងការរៀនសូត្រ។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និងក្រុមការងារ បានចុះពិនិត្យគម្រោងជួសជុល និងដាក់ លូបង្ហូរទឹកប្រវែង៨៧០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងតំបន់ផ្សារតាខ្មៅថ្មី ស្ថិតក្នុងសង្កាត់ដើមមៀន។ គម្រោងនេះមានគោលបំណងបង្កើនសមត្ថភាពរំដោះទឹក កាត់បន្ថយការកកស្ទះ និងការលិចលង់ដោយទឹកភ្លៀង ព្រមទាំងលើកកម្ពស់អនាម័យ និងសោភ័ណភាពនៅតំបន់ដែលមានប្រជាពលរដ្ឋ និងសកម្មភាពពាណិជ្ជកម្មច្រើន។
ឯកឧត្តម គួច ចំរើន បានជំរុញឱ្យមន្ទីរជំនាញ អាជ្ញាធរក្រុងតាខ្មៅ និងអ្នកពាក់ព័ន្ធ បន្តតាមដាន និងពន្លឿនការអនុវត្តគម្រោងឱ្យបានទាន់ពេលវេលា ដោយផ្តោតលើគុណភាព សុវត្ថិភាព ស្តង់ដារបច្ចេកទេស និងប្រសិទ្ធភាពប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្តបានស្នើសុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះការរំខានក្នុងការធ្វើដំណើរ អំឡុងពេលអនុវត្តគម្រោង ដោយបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ ការរៀបចំប្រព័ន្ធលូនឹងជួយកែលម្អការរំដោះទឹក និងកាត់បន្ថយបញ្ហាទឹកលិចនៅតំបន់នេះផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…