(កំពត)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើជានិមិត្តរូបចំនួន ២ម៉ឺនដើម ក្រោមប្រធានបទ«រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ នៃគម្រោង យិន ផារ៉ាដាយ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយវិស័យវប្បធម៌ ទេសចរណ៍ និងសាសនាក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ស្តីពីមត៌កសិល្បៈ វប្បធម៌ ជំនឿនិងសាសនា ដែលបាត់បង់ ឬប្រឈមនឹងការបាត់បង់ ត្រូវខិតខំស្តារឱ្យរស់រវើកឡើងវិញ ហើយចូលរួមលើកកម្ពស់ និងលើកស្ទួយនូវមត៌កវប្បធម៌ ជំនឿនិងសាសនា នោះធ្វើឱ្យមានកិត្យានុភាព ល្បីរន្ទឺ សុះសាយ ទៅទូទាំងសកលលោកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូល មកទស្សនា និងជាការអភិវឌ្ឍសិល្បៈ វប្បធម៌ ជំនឿ និងសាសនាប្រពៃណីឱ្យរឹងរិតតែរីកចម្រើនរុងរឿងជាលំដាប់៕
ដោយ៖ ធី លីថូ





