Skip to main content
Preah Sihanouk Provincial Television
Log in

លែងបារម្ភរឿងគ្មានទីផ្សារ! អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ ចុះផ្ទាល់ជំរុញការដាំបន្លែធម្មជាតិ និងធានាជួយរកម៉ូយទិញដល់ចម្ការ

KPS99TVHistorical original · translation unavailable

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះពិនិត្យការដាំដុះបន្លែរបស់ប្រជាកសិករដោយផ្ទាល់ ដើម្បីជំរុញការបង្កបង្កើនផលបន្លែធម្មជាតិ ឱ្យកាន់តែសម្បូរបែបសម្រាប់ផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។ ក្នុងឱកាសនោះ លោកជំទាវបានលើកទឹកចិត្តឱ្យកសិករពង្រឹងគុណភាព និងបានជួយទិញបន្លែរបស់ពួកគាត់ជាការលើកទឹកចិត្ត ព្រមទាំងផ្តល់ការធានាដ៏កក់ក្តៅថា ប្រសិនបើជួបបញ្ហាខ្វះទីផ្សារ ក្រុមការងារខេត្តនឹងចេញមុខជួយស្វែងរកទីផ្សារជូនភ្លាមៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារកសិករឱ្យកាន់តែធូរធារ។

ការចុះគាំទ្រកសិករនេះ គឺស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានជំរុញឱ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជូនអ្នកជំនាញចុះទៅបណ្តុះបណ្តាលសហគមន៍ ឬបណ្តុំកសិករដល់មូលដ្ឋានផ្ទាល់។ គោលដៅចម្បង គឺជួយឱ្យកសិករចេះបច្ចេកទេសដាំដុះដែលចំណាយទុនផលិតតិច តែទទួលបានទិន្នផលខ្ពស់ មានសុវត្ថិភាពខ្ពស់ទាំងអ្នកដាំនិងអ្នកប្រើប្រាស់ ហើយអាចផលិតបានទាំងបរិមាណ និងគុណភាពស្របតាមតម្រូវការទីផ្សារជាក់ស្តែង។

បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៏បានជួយរៀបចំបណ្តុំផលិតផលក្នុងស្រុកតាមបែបធម្មជាតិ ដើម្បីតម្រង់ទិសការដាំដុះ និងការចិញ្ចឹមសត្វឱ្យចំតម្រូវការទីផ្សារ និងទទួលបានតម្លៃសមរម្យ ចៀសវាងការផលិតគ្មានគុណភាពដែលពិបាកលក់។ បច្ចុប្បន្ន ខេត្តប៉ៃលិនមានក្រុមហ៊ុនជាច្រើន កំពុងប្រមូលទិញបន្លែ ផ្លែឈើ និងកសិផលផ្សេងៗ ដើម្បីវេចខ្ចប់ និងសម្ងួតសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិធំៗ រួមមាន ប្រទេសចិន ប្រទេសវៀតណាម សហគមន៍អឺរុប និងសហរដ្ឋអាមេរិក ដែលជាឱកាសដ៏ល្អសម្រាប់កសិករក្នុងតំបន់៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…