យោងតាមការព្យាករណ៍ ព្យុះទី១៨ ឈ្មោះ សូដេល (Saudel) ដែលបានកើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច កំពុងបង្កើនឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។ ទោះបីជាព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក៏ដោយ ប៉ុន្តែឥទ្ធិពលប្រយោលនេះ នឹងធ្វើឱ្យស្ថានភាពធាតុអាកាសនៅទូទាំងប្រទេស មានការប្រែប្រួលចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដូចតទៅ៖
តំបន់វាលទំនាប (រួមទាំងរាជធានីភ្នំពេញ)៖ សីតុណ្ហភាពមានចន្លោះពី ២៥°C ដល់ ៣៦°C ដោយអាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមានចន្លោះពី ២៤°C ដល់ ៣៤°C ដោយអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ ២០% ផងដែរ។
ដោយឡែក តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមានចន្លោះពី ២៥°C ដល់ ៣៥°C និងអាចមាន ភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ រហូតដល់ ៥០% នៃផ្ទៃដី ដោយមានកម្ពស់រលកសមុទ្រចន្លោះពី ០,៥០ ដល់ ១,៧៥ ម៉ែត្រ។
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវទឹក និងនេសាទសមុទ្រ មេត្តាប្រុងប្រយ័ត្នខ្ពស់៕
ដោយ៖ ប៉ៃ សុឃីម
