Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា-អារ៉ាប៊ីសាអូឌីត បើកផ្លូវពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទេសចរណ៍ តាមរយៈជំនួបកម្រិតខ្ពស់រវាងវិស័យរដ្ឋ និងឯកជន

KPS99TVHistorical original · translation unavailable

ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត បានឈានទៅមុខមួយជំហានទៀត តាមរយៈជំនួបពិភាក្សាការងារ និងការទទួលទានអាហារពេលល្ងាចជាលក្ខណៈការទូត កាលពីរាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតអារ៉ាប៊ីសាអូឌីត។

ក្នុងជំនួបនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន ASEAN-BAC Cambodia បានដឹកនាំគណៈប្រតិភូវិស័យឯកជន ចូលរួមជួបពិភាក្សាដោយផ្ទាល់ជាមួយ ឯកឧត្តម Thamer Mohammed A. Algosaibi ឯកអគ្គរាជទូតតែងតាំងថ្មីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដោយមានវត្តមានចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូប។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង ការពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគ ជំរុញការតភ្ជាប់រវាងធុរជននៃប្រទេសទាំងពីរ ដើម្បីបើកច្រកសេដ្ឋកិច្ច និងឱកាសវិនិយោគរួមគ្នា។

ការទាញយកទីផ្សារទេសចរណ៍មជ្ឈិមបូព៌ា ផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍កម្ពុជា ទៅកាន់ទេសចរមកពីតំបន់មជ្ឈិមបូព៌ា ជាពិសេសអារ៉ាប៊ីសាអូឌីត។

ជំនួបនេះជាសញ្ញាណវិជ្ជមានមួយក្នុងការបើកទូលាយទីផ្សារសក្តានុពលថ្មីសម្រាប់កម្ពុជា ឆ្ពោះទៅកាន់តំបន់ឈូងសមុទ្រអារ៉ាប់ ទាំងផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងការទាក់ទាញវិនិយោគិនបរទេស៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…