Skip to main content
Preah Sihanouk Provincial Television
Log in

សាខាកាកបាទក្រហមខេត្តព្រះសីហនុ ទទួលបានថវិកាមនុស្សធម៌ជាង ១១៤លានរៀល និងជាង ៥ម៉ឺនដុល្លារ លើកទី៤ ពីសប្បុរសជន

KPS99TVHistorical original · translation unavailable

នារសៀលថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌លើកទី៤ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្ត ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ការទទួលអំណោយលើកទី៤ នេះ ទទួលបានពីសប្បុរសជនក្នុង និងក្រៅខេត្តសរុបចំនួន ៤៣រូប ដោយប្រមូលបានថវិកាសរុបចំនួន ១១៤,១០១,៨០០ រៀល និង ៥២,៧៧៥ ដុល្លារអាមេរិក។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនដោយសទ្ធាជ្រះថ្លា។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្ភារៈថវិការទាំងអស់នេះ នឹងត្រូវប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីបន្តសកម្មភាពមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈម ពង្រឹងភាពធន់សហគមន៍ ព្រមទាំងជួយសម្រាលទុក្ខលំបាកដល់ជនរងគ្រោះ ជនក្រីក្រ ចាស់ជរាគ្មានទីពឹង និងកុមារកំព្រា ស្របតាមគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម។

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅតែបន្តស្វាគមន៍ និងរង់ចាំទទួលការចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារៈពីសប្បុរសជនជិតឆ្ងាយរៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការសាខាផ្ទាល់ផងដែរ៕

អត្ថបទ៖ ប៉ៃ សុឃីម

Comments

Loading comments…