កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិ ក្នុងតំបន់ និងសកលលោក។
នេះបើតាមការឲ្យដឹងពីរដ្ឋមន្រ្តីក្រសួងព័ត៌មានដែលបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមជាផ្លូវការក្នុងឳកាសចូលរួមកិច្ចប្រជុំលើកទី៧ របស់គណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ។កិច្ចប្រជុំនេះធ្វើទ្បើងក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការ។ អង្គប្រជុំបានបន្តពិនិត្យលើវឌ្ឍនភាពការងារ និងបានពិភាក្សាលើការងារដែលនៅសេសសល់ ជាពិសេសពាក់ព័ន្ធការងារខ្លឹមសារ ការផ្សព្វផ្សាយ ពិធីការ និងបដិសណ្ឋារកិច្ច ព្រមទាំងការងារសន្តិសុខ។
អត្ថបទ៖ សុភក្រ្ត












