(ភ្នំពេញ)៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ «ខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» សម្រាប់ឆ្នាំ២០២៦-២០២៨ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, លោកជំទាវវេជ្ជបណ្ឌិត ម៉ារៀណា ទ្រីយ៉ាស (Dr. Mariana Trias) ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងក្រសួងសុខាភិបាល, ក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញ, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍, អង្គការចលនាដើម្បីសុខភាពកម្ពុជា, អាជ្ញាធរខណ្ឌទាំង១៤, ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធប្រមាណ ៣០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំ និងបំពេញលក្ខខណ្ឌនៃសូចនាករនានា រហូតខណ្ឌដូនពេញទទួលបានជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ដែលជាសមិទ្ធផលគួរជាទីមោទនៈសម្រាប់ខណ្ឌដូនពេញ និងរាជធានីភ្នំពេញទាំងមូល។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខណ្ឌដូនពេញគឺជាក្រុង ស្រុក ខណ្ឌទី៩ ដែលទទួលបានជ័យលាភីនេះ។ ការប្រកាសទទួលស្គាល់នាពេលនេះ មិនមែនជាទីបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការទទួលខុសត្រូវថ្មី ក្នុងការបន្តថែរក្សា ពង្រឹង និងលើកកម្ពស់ស្តង់ដារបរិស្ថាន អនាម័យ សុវត្ថិភាព និងភាពទាក់ទាញនៃគោលដៅទេសចរណ៍នៅទូទាំងខណ្ឌដូនពេញ ឱ្យកាន់តែប្រសើរ ប្រកបដោយគុណភាព និងចីរភាព។
ជ័យលាភីនេះនឹងក្លាយជាគំរូល្អ និងជាកម្លាំងចលករ ជំរុញដល់ខណ្ឌផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្រុង ស្រុក និងខណ្ឌនានាទូទាំងប្រទេស ឱ្យចូលរួមរៀបចំ និងលើកកម្ពស់មូលដ្ឋានរបស់ខ្លួន ឆ្ពោះទៅទទួលបានជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» បន្ថែមទៀត ដើម្បីរួមចំណែកកសាងគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែស្អាត ឆ្លាត បៃតង មានសុវត្ថិភាព និងមានភាពទាក់ទាញ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» មិនមែនមានន័យថា ជាទីក្រុងដែលហាមឃាត់ការជក់បារីទាំងស្រុងនោះទេ ប៉ុន្តែសំដៅដល់ទីក្រុងទេសចរណ៍ដែលមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាពិសេសការមិនអនុញ្ញាតឱ្យជក់បារីនៅតាមទីកន្លែងដែលច្បាប់ហាមឃាត់៕អត្ថបទដោយ៖ ស្រីពី



















