Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជាបើកយុទ្ធសាស្ត្រថ្មីវាយលុកទីផ្សាររុស្ស៊ី! ត្រៀមជំរុញជើងហោះហើរត្រង់ និងទាក់ទាញទេសចរទ្រង់ទ្រាយធំឆ្ពោះទៅឆ្នាំ២០២៧

Historical original · translation unavailable

ដើម្បីប្រែក្លាយសក្ដានុពលទេសចរណ៍ឱ្យក្លាយជាលំហូរភ្ញៀវទេសចរជាក់ស្ដែង ក្រសួងទេសចរណ៍ បានរៀបចំពិធីបើក «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សាររុស្ស៊ី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា, លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមទាំងថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) តំណាងស្ថានទូត អង្គការ វិស័យឯកជន ព្រមទាំងអ្នកសារព័ត៌មាន និង Influencers សរុបជាង ២០០ នាក់។ គំនិតផ្ដួចផ្ដើមនេះជាជំហានជាក់ស្ដែងស្របតាមអនុសាសន៍ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅពង្រីក និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិឱ្យកាន់តែរឹងមាំ និងមានភាពប្រកួតប្រជែងខ្ពស់។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងយុគសម័យបច្ចុប្បន្ន កម្ពុជាមិនអាចរង់ចាំឱ្យភ្ញៀវទេសចររុស្ស៊ីស្គាល់កម្ពុជាដោយឯកឯងបានទៀតនោះឡើយ ពោលគឺត្រូវរួមគ្នានាំយក «អច្ឆរិយភាពកម្ពុជា» ទៅបង្ហាញឱ្យពួកគេបានឃើញ ស្គាល់ ចង់មក និងសម្រេចចិត្តមកទស្សនាដោយផ្ទាល់។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជនឱ្យសហការគ្នាជិតស្និទ្ធជាមួយរដ្ឋជាប្រព័ន្ធជវភាពតែមួយ ដោយផ្ដោតលើអាទិភាពចម្បង គឺការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងរុស្ស៊ី ដូចការលើកឡើងរបស់ ឯកឧត្តម Anatoly Borovik ដើម្បីសម្រួលដល់ការធ្វើដំណើរ និងជំរុញលំហូរភ្ញៀវឱ្យកើនឡើងកាន់តែខ្លាំងនៅចុងឆ្នាំនេះ និងបន្តរហូតដល់ឆ្នាំ២០២៧។

ផែនទីបង្ហាញផ្លូវជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែលើកកម្ពស់មុខមាត់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងពង្រឹងភាពជាដៃគូរវាងវិស័យរដ្ឋ-ឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទ្វារកាលានុវត្តភាពថ្មីៗលើវិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីផងដែរ។ ព្រឹត្តិការណ៍នេះក៏ជាការអបអរសាទរដ៏មានអត្ថន័យជ្រាលជ្រៅចំពោះខួប ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី (១៩៥៦-២០២៦) ដែលជាចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការយូរអង្វែងដែលកំពុងបន្តរីកចម្រើនឥតឈប់ឈរ៕ដោយ៖ ស្រីពី

Comments

Loading comments…