ថ្នាក់ដឹកនាំសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាង សន្យាជំរុញវិនិយោគ និងទេសចរណ៍ចិនមកកម្ពុជាកាន់តែច្រើន
គណៈប្រតិភូសភាតំបន់ស្វយ័តស៊ីចាងបានសន្យាជំរុញវិនិយោគិននិងភ្ញៀវទេសចរមកកម្ពុជា ក្នុងជំនួបជាមួយប្រធានរដ្ឋសភា ឃួន សុដារី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ខ្លឹមសារប្រភព
ថ្នាក់ដឹកនាំសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាង សាធារណរដ្ឋប្រជាមានិតចិន បានប្រកាសសន្យាថា នឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាងឱ្យមកកម្ពុជាបន្ថែមទៀត ក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ជៀន ធាន (Jiancan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជននៃតំបន់ស៊ីចាងបានបញ្ជាក់ថា ស៊ីចាងមានសេចក្តីប្តេជ្ញាច្បាស់លាស់ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍ជាមួយកម្ពុជា និងសង្ឃឹមឱ្យមានចំណូលថ្មីៗជាច្រើនត្រូវបាននាំមកកាន់ប្រទេសកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះការប្តេជ្ញារបស់គណៈប្រតិភូ និងបានបញ្ជាក់ថា ឆ្នាំ២០២៥ ត្រូវបានកំណត់ជាឆ្នាំ “ទេសចរណ៍កម្ពុជា–ចិន”។ សម្តេចបានលើកឡើងថា វិស័យទេសចរណ៍ជាសសរស្តម្ភសំខាន់មួយរបស់សេដ្ឋកិច្ចកម្ពុជា ហើយរាជរដ្ឋាភិបាលកំពុងផ្តោតលើការអភិវឌ្ឍវិស័យនេះយ៉ាងខ្លាំង ដោយប្រទេសកម្ពុជាមានប្រាង្គប្រាសាទរាប់ពាន់ ក៏ដូចជារមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រដែលមានសក្ដានុពលដូចគ្នានឹងខេត្តស៊ីចាង ដែលល្បីក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ។
សម្តេចឃួន សុដារី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ច និងបានឱ្យដឹងថា កិច្ចទស្សនកិច្ចនាពេលនេះ មានសារៈសំខាន់ក្នុងការកសាង និងពង្រឹងមិត្តភាពដែកថែប ស្ដារឡើងវិញកិច្ចសហប្រតិបត្តិការ និងការកសាងសហគមន៍វាសនារួមកម្ពុជា–ចិន ក្នុងយុគសម័យថ្មី។ សម្តេចបានលើកឡើងថា ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់ណាស់មកហើយ ឈរលើគោលការណ៍ស្មោះត្រង់ ការជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក។
សម្តេចបានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ “ចិនមួយ”។ សម្តេចក៏បានលើកឡើងថា ការទំនាក់ទំនងរបស់ស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ បានកើនឡើងដល់កម្រិតថ្មី បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀមសហប្រតិបត្តិការ និងអនុស្សរណៈយោគយល់រួម រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភារបស់ប្រទេសទាំងពីរ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ឯកសារទាំងនេះក្លាយជាមូលដ្ឋានសម្រាប់ការចងក្រងការងាររួម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងមន្ត្រីអគ្គលេខាធិការដ្ឋានទាំងពីរប្រទេស។
ក្រោមកិច្ចព្រមព្រៀងខាងលើ សម្តេចបានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសចិនពីរដង ខណៈមន្ត្រីជាន់ខ្ពស់របស់ចិនក៏បានអញ្ជើញមកកម្ពុជាជាបន្តបន្ទាប់។ រដ្ឋសភាកម្ពុជាក៏បានទទួលស្វាគមន៍គណៈប្រតិភូជាតិ និងខេត្តរបស់ចិន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។
រដ្ឋសភាទាំងពីរប្រទេស បានបន្តរក្សាសន្ទុះវិជ្ជមាន និងការសហប្រតិបត្តិការ ជាពិសេសក្នុងក្របខណ្ឌទ្វេភាគី និងវេទិកាអន្តរសភា ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងពីរ។
ឯកឧត្តម ជៀន ធាន បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេច និងរដ្ឋសភាកម្ពុជាទាំងមូល។ ឯកឧត្តមបានសរសើរចំពោះការរីកចម្រើនរហ័សរបស់កម្ពុជា ដែលពោរពេញដោយសក្តានុពលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។
ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានរដ្ឋសភាអំពីការអភិវឌ្ឍដ៏ខ្លាំងរបស់ខេត្តស៊ីចាង ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលធ្វើឱ្យខេត្តនេះរីកចម្រើនគ្រប់វិស័យ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិពេញនិយម និងប្រើប្រាស់ថាមពលអគ្គិសនីស្អាត ១០០%។ ដើម្បីពង្រឹងទំនាក់ទំនងប្រជាជនកម្ពុជា និងខេត្តស៊ីចាងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ឯកឧត្តម ជៀន ធាន បានអញ្ជើញសម្តេចឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅទស្សនកិច្ចខេត្តស៊ីចាង នៅពេលវេលាសមស្រប។
សម្តេចបានថ្លែងអំណរគុណដល់ប្រទេសចិន ដែលតែងតែជួយគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជារហូតមក មានដូចជាការគាំទ្រការកសាងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាយុទ្ធសាស្ត្រធារាសាស្ត្រដ៏មានឥទ្ធិពល និងប្រវត្តិសាស្ត្ររបស់កម្ពុជា។ សម្តេចក៏បានអរគុណចំពោះជំហរច្បាស់លាស់របស់ប្រទេសចិន ចំពោះបញ្ហាព្រំដែនកម្ពុជា–ថៃ ដែលស្របតាមគោលនយោបាយសន្តិភាពរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាតាមវិធីសន្តិវិធី ផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងយន្តការទ្វេភាគី។ សម្តេចបញ្ជាក់ថា កម្ពុជានឹងបន្តឈរតាមគោលជំហរនេះជានិច្ច ដោយស្ងាត់តែមិននៅស្ងៀម៕
ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16506",
"languageVersionId": "14068",
"visibilityVersion": "2",
"versionToken": "a1.uXn25kvIyWpPioN4IY8JjN7zoMydJFQtTOnoAyxW9V4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
