អាល្លឺម៉ង់ អង់គ្លេស និងអូស្ត្រាលីស្វាគមន៍កងទ័ពកម្ពុជាទាំង១៨នាក់ដែលថៃដោះលែងឱ្យវិលត្រឡប់មកវិញ
អាល្លឺម៉ង់ អង់គ្លេស និងអូស្ត្រាលីស្វាគមន៍ការវិលត្រឡប់របស់ទាហានកម្ពុជា១៨នាក់នៅថ្ងៃទី៣១ ខែធ្នូ ដោយអំពាវនាវឱ្យពង្រឹងបទឈប់បាញ់ បន្ថយភាពតានតឹង និងកសាងទំនុកចិត្តឡើងវិញ។
ខ្លឹមសារប្រភព
ក្រោយកងទ័ពកម្ពុជាចំនួន១៨នាក់ត្រូវបានយោធាថៃដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសកំណើតវិញនៅថ្ងៃទី៣១ ខែធ្នូនេះ ភ្លាមៗបណ្ដាអង្គទូតបរទេសប្រចាំនៅរាជធានីភ្នំពេញ បានបង្ហាញការស្វាគមន៍ការវិលត្រឡប់មកវិញរបស់កងទ័ពកម្ពុជាដោយបានចាត់ទុកថាការដោះលែងនេះ ជាការវិវឌ្ឍវិជ្ជមានមួយក្នុងការអនុវត្តបទឈប់បាញ់កម្ពុជានិងថៃ។
ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍ការដោះលែងកងទ័ពទាំង១៨នាក់ ដោយឯកឧត្តមថា នេះគឺជាជំហានមួយឆ្ពោះទៅរកបទឈប់បាញ់ដែលកាន់តែរឹងមាំ ហើយម្យ៉ាង ការវិវឌ្ឍនេះ ក៏បង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតឱកាសដើម្បីកសាងទំនុកចិត្តឡើងវិញរវាងកម្ពុជា និងថៃ ដែលកំពុងមានបញ្ហាជម្លោះព្រំដែន។ ឯកអគ្គរដ្ឋទូត នៅតែគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការគាំទ្រការសន្ទនាដោយសន្តិវិធី និងស្ថិរភាពរយៈពេលវែង។
ចំណែក ឯកអគ្គរាជទូតអង់គ្លេសនៅភ្នំពេញ ឯកឧត្តម Dominic Williams ក៏បានបង្ហាញអារម្មណ៍សេចក្តីសោមនស្សរីករាយជាមួយកម្ពុជាក្នុងការស្វាគមន៍ទាហានរបស់កម្ពុជាត្រឡប់មកផ្ទះវិញ ដោយឯកឧត្តមចាត់ទុកនេះជាវិវឌ្ឍវិជ្ជមានមួយ។ ចក្រភពអង់គ្លេសបានបន្តលើកទឹកចិត្តដល់កម្ពុជានិងថៃ ឱ្យចាត់វិធានការបន្ថែមទៀតដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រជាជនរបស់ប្រទេសទាំងពីរ និងដើម្បីកសាងសន្តិភាពយូរអង្វែង។ ឯកឧត្តម Dominic Williams សរសេរខ្លឹមសារដូច្នេះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម។
ដោយឡែក ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយដោយចាត់ទុកការដោះលែងយោធាកម្ពុជា នៅថ្ងៃនេះ ជាជំហានវិជ្ជមានមួយដែលនឹងជួយស្ដារឡើងវិញនូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា និងថៃ។ អូស្ត្រាលី ជំរុញឱ្យភាគីទាំងពីរបន្តគោរពតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ។ ស្ថានទូតអូស្ត្រាលី បញ្ជាក់បន្ថែមថា «សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើង គឺជាប្រយោជន៍របស់យើងទាំងអស់គ្នា»។
សូមជម្រាបថា ១៥៥ថ្ងៃនៃការទន្ទឹងរងចាំមើលផ្លូវរបស់វីរៈកងទ័ពខ្មែរទាំង១៨រូបដែលយោធាថៃបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់។ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១០:០០នាទី ភាគីថៃបានដោះលែងនិងបញ្ជូនយោធិនកម្ពុជាទាំង១៨រូបត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព នៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរ៉ាក់ទាក់ជាទីបំផុតក្នុងដំណើរត្រឡប់របស់យោធិនកម្ពុជាទាំង១៨រូបមកមាតុប្រទេសវិញ។ ការដោះលែងទាហានទាំង១៨រូបពេលនេះ កម្ពុជា រំពឹងថា នឹងចូលរួមចំណែកដល់ការស្ដារឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា និងថៃ ដើម្បីឆ្ពោះទៅរកសុខសន្តិភាព៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16000",
"languageVersionId": "12984",
"visibilityVersion": "2",
"versionToken": "a1.m2R3DjwUPwae-_N-1YBoaCtBFEydGjgQsfO2yP945wI"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
