ចៅហ្វាយខេត្តតាកែវយកថ្ងៃ៧កុម្ភៈជាថ្ងៃបើកការដ្ឋានសាងសង់«ប្រាសាទកណ្ដាលបឹងតាកែវ»
អភិបាលតាកែវកំណត់ថ្ងៃទី៧ កុម្ភៈ ២០២៦ បើកការដ្ឋានប្រាសាទកណ្ដាលបឹងតាកែវនៅក្រុងដូនកែវ និងណែនាំឱ្យរក្សារចនាបថខ្មែរបុរាណ។ គម្រោងទទួលថវិកាបរិច្ចាគពីសប្បុរសជន។
ខ្លឹមសារប្រភព
អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានកំណត់យកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ ដើម្បីបើកការដ្ឋានសាងសង់«ប្រាសាទកណ្ដាលបឹងតាកែវ» ស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ។ គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវ គឺជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្តតាកែវ ដោយទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគថវិកាពីសប្បុរសជននានាជិតឆ្ងាយ។ សំណង់នេះ ត្រូវ បានកសាងដើម្បីរំលឹកដល់ប្រវត្តិសាស្ត្រដ៏រុងរឿងនៃទឹកដីតាកែវ ក៏ដូចជាទុកជាមរតកវប្បធម៌ សម្រាប់មហាជនគោរពសក្ការបូជាតទៅអនាគត។
ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ប្រាសាទនៅព្រឹកថ្ងៃអង្គារ៍នេះ ឯកឧត្តម វ៉ី សំណាង បានផ្ដល់ការណែនាំដល់មន្ត្រីបច្ចេកទេស និងក្រុមការងារសិក្សាគម្រោង ត្រូវធានាឱ្យបាននូវរាល់បទដ្ឋានបច្ចេកទេសសាងសង់ ជាពិសេសត្រូវថែរក្សាឱ្យបាននូវទម្រង់ «រចនាបថខ្មែរបុរាណ» ដើម្បីឱ្យសំណង់នេះ មានតម្លៃសិល្បៈស្ថាបត្យកម្មខ្មែរពិតៗ និងរឹងមាំយូរអង្វែង។
ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា ប្រាសាទកណ្ដាលបឹងតាកែវនេះ នឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយ ក្នុងការជួយលើកសម្រស់ក្រុងដូនកែវឱ្យកាន់តែមានភាពទាក់ទាញ។ វាមិនត្រឹមតែជាកន្លែងគោរពសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តកាន់តែច្រើន ដែលជាកម្លាំងជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។
គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវ គឺសាងសង់អំពីបេតុងអាមេយ៉ាងរឹងមាំ ដោយមានការបិទ និងក្រាលលម្អដោយថ្មភក់ ប្រកបដោយភាពផ្ចិតផ្ចង់ ប្រាសាទមានរាងចតុកោណ ដែលមានបណ្តោយ ៦.៥៦ម៉ែត្រ និងទទឹង៦ ម៉ែត្រ។ ចំណែកកម្ពស់សរុបឡើងដល់ ៩ម៉ែត្របំពាក់ដោយដំបូលជ្រុងក្រឡូម តាមលក្ខណៈបុរាណ និងបញ្ចប់ដោយកំពូលប្រាសាទមានរូបរាងជា «ក្រពុំឈូក» ដែលជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពរីកចម្រើន៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15593",
"languageVersionId": "12329",
"visibilityVersion": "2",
"versionToken": "a1.y_FmNh95n_F-pO66c7Nkyv2gaX0u2iDLkgb8_wfUlIU"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
