កម្ពុជាទាត់ចោលការផ្សាយថាទាហានថៃបានរឹបអូសឃ្លាំងសព្វាវុធកម្ពុជានៅក្នុងអគារកាស៊ីណូថ្មដា
ក្រសួងមហាផ្ទៃបដិសេធថា ទីតាំងដែលសារព័ត៌មានថៃផ្សាយជាឃ្លាំងអាវុធក្នុងកាស៊ីណូថ្មដា គឺមិនមែនកាស៊ីណូទេ តែជាប៉ុស្តិ៍នគរបាលព្រំដែនច្រកផ្លូវ៥៦ នៅក្នុងអធិបតេយ្យភាពកម្ពុជា។
ខ្លឹមសារប្រភព
ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី០៦ ខែមករានេះ បានប្រកាសទាត់ចោលការផ្សាយថា«...ទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជានៅក្នុងអគារកាស៊ីណូថ្មដា»។ ផ្ទុយទៅវិញ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបំភ្លឺដូច្នេះថា រូបភាពនិងទីតាំងដែលបានផ្សព្វផ្សាយនេះ មិនមែនស្ថិតនៅក្នុងរបស់ដែលហៅថា «បរិវេណអគារកាស៊ីណូថ្មដា»នោះទេ។ ជាក់ស្តែងទីតាំងនោះគឺជា «ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកច្រកផ្លូវ៥៦» ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។
ការចេញមកបដិសេធ និងបំភ្លឺបែបនេះ ដោយសារថ្មីៗនេះ មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសថៃ បានផ្សព្វផ្សាយអត្ថបទផ្ទុយពីការពិតមួយដែលមានខ្លឹមសារថា «...ទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជានៅក្នុងអគារកាស៊ីណូថ្មដា» ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានបង្ហាញពីចេតនាទុច្ចរិត និងស្មោកគ្រោក មិនអាចប្រកែកបាន ផ្ទុយពីខ្លឹមសារដែលមានចែងក្នុងចំណុច៨ នៃសេចក្ដីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានឯកភាពគ្នាថា «ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាស អំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី» ។
លើសពីនេះ ការរឹបអូសសព្វាវុធនៅក្នុងប៉ុស្តិ៍នគរបាល ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាសកម្មភាពឆក់ប្លន់ដែលបង្ហាញកាន់តែច្បាស់នូវការប្រើប្រាស់ច្បាប់ព្រៃរបស់រដ្ឋាភិបាល និងយោធាថៃឈ្លានពានមកលើទឹកដីកម្ពុជា ហើយភាគីថៃខ្លួនឯងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ដោយមិនអាចគេចវេសយករួចខ្លួនបានឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃជំរុញឱ្យភាគីថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ហើយងាកមកអនុវត្តតាមខ្លឹមសារនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី បង្កើនជំនឿទុកចិត្ត ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងគោរពគ្នាទៅវិញទៅមក ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15589",
"languageVersionId": "12317",
"visibilityVersion": "2",
"versionToken": "a1.UWP1qNB6wXTiGPUkBxzGw5SXloTG2bp-DX_xLnQ1LyQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
