អភិបាលខេត្តព្រះសីហនុបង្ហាញលម្អិតពីផែនការមេប្រែក្លាយព្រះសីហនុជា«តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»
លោក ម៉ាង ស៊ីណេត បានបង្ហាញផែនការមេខេត្តថ្ងៃទី៤ កុម្ភៈ ដែលមានការអភិវឌ្ឍភស្តុភារ-ពាណិជ្ជកម្ម ទីក្រុងសមាហរណកម្ម កោះ៣២ និងកសិ-ឧស្សាហកម្មនិងវារីវប្បកម្មនៅផ្នែកខ្លះនៃស្រុកពីរ។
ខ្លឹមសារប្រភព
រដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងអនុវត្តតាមផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជា«តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។ តាមរយៈជំនួបពិភាក្សាការងារជាមួយក្រុមអ្នកជំនាញការនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបង្ហាញលម្អិតអំពីផែនការមេនេះដោយមាន៤ផ្នែកធំៗគឺ៖ ទី១. បង្កើតតំបន់ភស្តុភារកម្ម និងពាណិជ្ជកម្ម, ទី២. បង្កើតឱ្យមានទីក្រុងសមាហរណកម្ម, ទី៣. អភិវឌ្ឍន៍នៅតាមបណ្តាកោះ និងទី៤. អភិវឌ្ឍន៍ផ្នែកមួយនៃស្រុកព្រៃនប់និងស្រុកកំពង់សិលាឱ្យទៅជាតំបន់កសិ-ឧស្សាហកម្ម និងវារីវប្បកម្ម។
បើតាមអភិបាលខេត្តព្រះសីហនុ ផែនការអភិវឌ្ឍន៍ទី១. បង្កើតតំបន់ភស្តុភារកម្ម និងពាណិជ្ជកម្ម គឺរាជរដ្ឋាភិបាល បានកំណត់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅស្រុកស្ទឹងហាវដែលនឹងត្រូវរៀបចំឱ្យមានសួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់រោងចក្រផ្សេងៗដែលនៅក្រៅពីតំបន់សេដ្ឋកិច្ចពិសេស។ ទន្ទឹមគ្នានេះ ក៏បង្កើតឱ្យមានតំបន់ឡូជីស្ទីកហាប់នៅតំបន់នោះដែរ ដោយសារនៅទីនោះមានកំពង់ផែអន្តរជាតិចំនួន៣ រួមទាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែកែវផុស និងកំពង់ផែស្ទឹងហាវ។
ទី២. បង្កើតឱ្យមានទីក្រុងសមាហរណកម្ម ដែលត្រូវរួមបញ្ចូលគ្នារវាងក្រុងព្រះសីហនុ និងក្រុងកំពង់សោម។ ដូច្នេះនៅក្នុងតំបន់នេះ ក៏នឹងត្រូវរៀបចំឱ្យមានតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងលំនៅឋានរបស់ប្រជាពលរដ្ឋដែលមាននៅទីនោះ។ ចំណែក ទី៣. អភិវឌ្ឍន៍នៅតាមបណ្តាកោះ ដោយរាជរដ្ឋាភិបាលមានផែនការអភិវឌ្ឍន៍នៅតាមបណ្តាកោះទាំង៣២របស់ខេត្តព្រះសីហនុដែលក្នុងនោះមានទាំងឆ្នេរ ព្រែក និងព្រៃកោងកាងដ៏ស្រស់ស្អាតឱ្យទៅជា «តំបន់ទេសចរណ៍ប្រណិត ឬអេកូទេសចរណ៍»។
ដោយឡែក ទី៤. អភិវឌ្ឍន៍ផ្នែកមួយនៃស្រុកព្រៃនប់និងស្រុកកំពង់សិលាឱ្យទៅជាតំបន់កសិ-ឧស្សាហកម្ម និងវារីវប្បកម្ម។ ទាំងនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គឺស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។ ក្រៅពីនេះ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្នុងក្របខណ្ឌរបស់ខេត្ត ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុមានការរីកចម្រើនជាច្រើន៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15074",
"languageVersionId": "11051",
"visibilityVersion": "2",
"versionToken": "a1.f-O_MYZvntlIPWXF0iiLCYfzhkmmJCc3I-yGU-qvys8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
